រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពី ឧទ្យានជាតិវើនសៃ-សៀមប៉ាង

ចែករំលែក៖

ភ្នំពេញ : រាជរដ្ឋាភិបាលសម្រេច : មាត្រា១..ត្រូវបានកែប្រែឧទ្យានជាតិវើនសៃ-សៀមប៉ាង ពីផ្ទៃដីទំហំ៥៧ ៤៦៩(ប្រាំម៉ឺនប្រាំពីរពាន់បួនរយហុកសិប ប្រាំបួន)ហិកតា មកផ្ទៃដីទំហំ២៨០ ៣៥៩(ពីរសែនប្រាំបីម៉ឺនបីរយហាសិបប្រាំបួន)ហិកតា ស្ថិតក្នុងភូមិសាស្ត ខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធកូអរដោណ Project UTM Zone 48N Datum WGS 1984 ) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

ផ្ទៃដីឧទ្យានជាតិវើនសៃ-សៀមប៉ាងខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ៥៧ ៤៦៩(ប្រាំម៉ឺន ប្រាំពីរពាន់បួនរយហុកសិបប្រាំបួន)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតតំបន់ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឦសាន ដែលមានផ្ទៃដីទំហំ២២២ ៨៩០(ពីរសែនពីរម៉ឺនពីរពាន់ប្រាំបីរយកៅសិប)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យ លេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ ការពារធម្មជាតិ។

មាត្រា២ ..អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

– ធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ សម្រាប់វិទ្យាសាស្ត្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត 

– លើកកម្ពស់តួនាទី សក្តានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព 

– រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ

– ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព

– ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែក បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាពក្នុងកិច្ចគាំពារ

– លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

មាត្រា៣ ..ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ដោយ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីធានាដល់ការ គ្រប់គ្រងបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយ ចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា៤ ..លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្តីពីការបង្កើត តំបន់ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង អនុក្រឹត្យស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋាន គតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៥ ..អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។ 

មាត្រា៦ -រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ៕

ដោយ : សិលា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print