មនុស្ស ៣៨នាក់ស្លាប់ដោយសារបាក់ដីនិងទឹកជំនន់នៅប្រទេសនេប៉ាល់
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា ក្រុមមន្រ្តីបាននិយាយនៅថ្ងៃអង្គារនេះថា បំណាក់ដីដោយសារតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់និងកាត់ផ្តាច់ផ្លូវហាយវេ៉មួយកន្លែងនៅប្រទេសនេប៉ាល់ក្នុងសប្តាហ៍នេះ ខណៈដែលចំនួនអ្នកស្លាប់ដោយភ្លៀងមូសុងប្រចាំឆ្នាំកើនឡើងដល់ជិត ៤០នាក់។
ភ្លៀងធ្លាក់ដែលបោកបក់លើប្រទេសនេប៉ាល់ចាប់តាំងពីខែមិថុនា រហូតដល់ខែកញ្ញា បានសម្លាប់មនុស្សរាប់សិបនាក់ជារៀងរាល់ឆ្នាំ និងជាច្រើននាក់ទៀតបាត់ខ្លួន ដោយសារខ្យល់មូសុងបង្កឱ្យមានការរអិលបាក់ដីនិងទឹកជំនន់។ មន្ត្រីមួយរូបនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ឆ្នាំនេះមនុស្សចំនួន ៣៨នាក់បានស្លាប់ ហើយយ៉ាងហោចណាស់៣៣នាក់កំពុងបាត់ខ្លួននៅឡើយ។
ក្រុមសង្រ្គោះកំពុងស្វែងរកមនុស្សចំនួន ៦នាក់ដែលបាត់ខ្លួន បន្ទាប់ពីការបាក់ដីបាននាំយកផ្ទះរបស់ពួកគេ ស្ថិតនៅឯភូមិមួយក្បែរ រដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu)។ ចំណែកផ្លូវហាយវេ៉ដ៏សំខាន់មួយ ដែលតភ្ជាប់រដ្ឋធានីជាមួយនឹងតំបន់វាលទំនាបភាគខាងត្បូងប្រទេស ក៏ត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្នដែរ ដោយសារតែការបាក់ដី។
ភ្លៀងក៏បានបណ្តាលឱ្យទឹកទន្លេបាកម៉ាទី (Bagmati) នៃជ្រលងភ្នំ Kathmandu ឡើងខ្លាំងហួសច្រាំង ហើយជន់លិចតំបន់ដែលមានប្រជាជនរស់នៅប្រហែល៤លាននាក់។ ចំណែកអ្នករស់នៅក្បែរទន្លេស៉ីនឌូលី (Sindhuli) ភាគខាងកើតក៏ត្រូវបានអាជ្ញាធរស្នើឱ្យជម្លៀសខ្លួននៅពេលទឹកកាន់តែជន់ឡើង៕ ដោយធីរីណា
រូបថត:TTXVN-VNA