ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះថា៖ វិស័យម្ហូបអាហារគឺសំខាន់សម្រាប់មនុស្សបរិភោគ ហើយរឹតតែសំខាន់ទៀតនោះការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពសម្រាប់សុខភាព។
ជាក់ស្ដែង មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម និងសាខា ក.ប.ប. រាជធានីភ្នំពេញ និងដោយសហការពីគណៈកម្មការផ្សារសេត្រា និងផ្សារធំថ្មី ចាប់ពីថ្ងៃទី៧-៨ ខែសីហា ឆ្នាំ២០២៣ បាននាំយករថយន្តមន្ទីរពិសោធន៍ផ្នែកម្ហូបអាហារចុះត្រួតពិនិត្យផលិតផលម្ហូបអាហារជាច្រើនមានដូចជា បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុក ផ្អក ម៊ាំ ជ្រក់ ម៉ើមខ្ទឹមស ខ្ទឹមក្រហម និងសរសៃគុយទាវជាដើម ។ល។ ដែលសរុបទាំងអស់មានចំនួនប្រមាណជាង ៥០សំណាកគំរូ។ សំណាកគំរូទាំងអស់នោះគឺត្រូវបានមន្រ្តីជំនាញផ្នែកម្ហូបអាហារធ្វើការពិសោធន៍យ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកសារធាតុគីមីដែលហាមឃាត់ និងជាផ្នែកមួយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ជាលទ្ធផលសំណាកគំរូទាំងជាង៥០នោះពុំមានសារធាតុគីមីហាមឃាត់ឡើយ និងបានធ្វើការដកហូតទំនិញដែលបំពានច្បាប់ចំនួន ២៣.៤គីឡូក្រាមផងដែរ។
គួរបញ្ជាក់ផងដែរថា មន្រ្តីជំនាញ ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ផលិតផលម្ហូបអាហារគ្រប់ប្រភេទដែលមានសារធាតុគីមីហាមឃាត់ និងទំនិញគ្រប់ប្រភេទដែលមិនស្របច្បាប់ជាធរមាន៕ដោយ៖សហការី