ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់កញ្ញាឯកវ័យក្មេងរបស់កម្ពុជាបានបញ្ចប់រួចរាល់ហើយមុននេះដោយទទួលបានលទ្ធផលល្អប្រសើរជាមួយនឹងការជ្រើសរើសបានបេក្ខភាពឆ្នើមមួយចំនួន។ ក្នុងនេះដែរកុមារី អេលសា លីន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកនោះ នាងបានគ្រងតំណែងលំដាប់រងទី១ឬ First Runner Up ពីកម្មវិធីកញ្ញាឯកវ័យក្មេង Mini Miss Cambodia 2023។
ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រវិស័យកញ្ញាឯកមានការចាប់អារម្មណ៍ខ្លាំងនោះគឺនាងត្រូវបានគេប្រដូចសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ ពិសេសលើដំណើរដើរនោះតែម្តងទៅកាន់កញ្ញាឯកចក្រវាលកម្ពុជា២០១៨ កញ្ញា រឿន ណាត នោះតែម្តង។ នៅលើបណ្តាញសង្គមTik Tok មុននេះនាងត្រូវបានគណនីគាំទ្រវិស័យកញ្ញាឯកកាត់បញ្ចូលនូវវីដេអូស្តីពីដំណើរបង្ហាញម៉ូដក្នុងអំឡុងការប្រកួតរបស់ពួកគាត់នៅលើឆាក ទាំងអត្តចរិត ទឹកមុខ និងដំណើរ ពិតជាស្រដៀងគ្នា សូម្បីតែទម្រង់មុខនិងស្ទីលតុបតែងមុខធ្វើសក់ក៏មិនខុសគ្នាប៉ុន្មានដែរ។ អ្វីដែលជាការកត់សម្គាល់ កុមារី Elsa ត្រូវបានគេកត់សម្គាល់ថាជាក្មេងស្រីដែលមានទាំងសមត្ថភាព រូបសម្រស់និងការប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អទាំងភាសាចិន និងភាសាអង់គ្លេស ហើយត្រូវបានគេចាត់ទុកថាជាគ្រាប់ពេជ្រនៃអនាគតបវរកញ្ញាក្នុងកម្មវិធីប្រកួតធំៗផងដែរ។ នៅលើឆាកប្រកួតលើកដំបូងនេះដែរ ក្រៅពីតំណែងលំដាប់រងទី១ នាងក៏ទទួលបានពានរង្វាន់នៃការដើរបង្ហាញម៉ូដ Catwalk ពីកម្មវិធីនេះផងដែរ។ គេរំពឹងដែរថា ថ្ងៃណាមួយក្មេងស្រីដែលជាម្ចាស់មកុដលំដាប់រងទី១នេះនឹងក្លាយជាបេក្ខភាពតំណាងឱ្យកម្ពុជាចូលរួមការប្រកួតកម្មវិធីសម្រស់វ័យក្មេងណាមួយនៅលើឆាកអន្តរជាតិ ដែលគេជឿជាក់ថានាងនឹងនាំមកនូវមោទកភាពសម្រាប់ជាតិជាក់ជាមិនខាន។ នាងមានមានភាពក្លាហាន ភាពជឿជាក់ខ្លាំងលើសមត្ថភាព របស់ខ្លួនឯង ខណៈដែលកន្លងទៅគេក៏ធ្លាប់បានឃើញនាងចូលរួមក្នុងកម្មវិធីដើរបង្ហាញម៉ូដដ៏ល្បីរបស់អ្នកជំនាញ Oliva Kong ផងដែរ ។
ក្រៅពីជំនាញនៅលើការដើរបង្ហាញម៉ូដនិងចំណេះដឹងលើការប្រើប្រាស់ភាសាក្មេងស្រីរូបនេះក៏ត្រូវបានគេកត់សម្គាល់ថាមានទាំងជំនាញលើការរាំគ្រប់ប្រភេទចង្វាក់ភ្លេង ពិសេសលើការលេងឧបករណ៍តន្ត្រីព្យា៉ណូតែម្តង ជាមួយនឹងការជំរុញលើកទឹកចិត្តពីក្រុមគ្រួសារច្បាស់ណាស់នាងនឹងក្លាយជាគ្រប់ពូជដ៏ល្អសម្រាប់វិស័យសិល្បៈទៅថ្ងៃអនាគត៕ ដោយ៖ វឌ្ឍនា