អាជ្ញាធរជាតិអប្សរាកំពុងបន្តការងារជួសជួលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅដោយសាររចនាសម្ពន្ធ នៃប្រាសាទបានបែកបាក់ ហែកចេញពីគ្នា ស្ទើរតែមិនសល់រូបរាងដើម

ចែករំលែក៖

ខេត្តសៀមរាប÷ នៅថ្ងៃទី ៩ សីហា ២០២៣នេះអាជ្ញាធរជាតិអប្សរាបានអោយដឹងថា មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ បន្ទាប់ពីបានធ្វើការ ងារជួសជុលតួប៉មផ្នែកខាងត្បួង កាលពីខែវិច្ចិកា ឆ្នាំ ២០២២ និងបានបញ្ចប់ការជួសជុលក្នុងខែមីនា ឆ្នាំ២០២៣កន្លងមក។

លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទត្រពាំងល្ពៅ មានតួប៉មចំនួន៣ដែលនៅឈរមានរូបរាង។ ដូច្នេះក្រុមអ្នកជំនាញបានចំណាយពេលវេលាប្រមាណ៥ខែ ដើម្បីជួសជុលតួប៉មផ្នែកខាងត្បួង
រួចរាល់។ បន្ទាប់មកក្នុងខែមេសា ឆ្នាំ២០២៣ ក៏បន្ត ការងារជួសជុលតួប៉មផ្នែកខាងជើងវិញម្តងដើម្បីពង្រឹងរចនាសម្ពន្ធប្រាសាទឱ្យរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រចនាសម្ពន្ធនៃប្រាសាទបានបែកបាក់ ហែកចេញពីគ្នា ស្ទើរតែមិនសល់រូបរាងដើម ដោយសារកត្តាជាច្រើន។

ក្នុងដំណើរការជួសជុលប្រាសាទឥដ្ឋមួយនេះ អ្នក ជំនាញបានចាប់ផ្តើមធ្វើការសិក្សាសម្រង់ប្លង់នៃប្រាសាទ និងធ្វើការពង្រឹងខឿនជញ្ជាំងឱ្យមានលំនឹង ទប់ស្កាត់ការរលុះធ្លាក់ធ្វើឱ្យបាត់បង់រូបរាងដើមរបស់ប្រាសាទ។ បន្ទាប់មក ធ្វើការសម្អាត បិទបាយអភ្ជាប់តាមស្រទាប់រហែក ដើម្បីការពារជ្រាបទឹកធ្វើយ៉ាងណាឱ្យតួប៉មនៃប្រាសាទនេះ មានភាពរឹងមាំឡើងវិញ។

លោកស្រី ឈុន រតនា អ្នកជំនាញជួសជុលប្រាសាទ ត្រពាំងល្ពៅ បញ្ជាក់ទៀតថា មកដល់ដើមខែសីហា ឆ្នាំ ២០២៣នេះ ដំណើរការជួសជុលសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ ដោយគ្រោងនឹងបញ្ចប់គម្រោងជួសជុល នាចុងឆ្នាំ២០២៣ខាងមុខនេះ។
បន្ទាប់មកនឹងចាប់ផ្តើមការងារជួសជុលប្រាង្គកណ្តាល នៃប្រាសាទត្រពាំងល្ពៅនេះជាបន្តទៀត។

ក្រោយការងារជួសជុលរួចរាល់អ្នកជំនាញរំពឹងថា តួប៉មនៃប្រាសាទត្រពាំងល្ពៅ នឹងឈររឹងមាំយូរអង្វែងទៅថ្ងៃ មុខបន្តទៀត ដើម្បីជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់។

...

សូមជម្រាបថា ប្រាសាទត្រពាំងល្ពៅ (ឯកសារមុនៗហៅ ថា ប្រាសាទត្រពាំងរពៅ) គឺជាប្រាសាទឥដ្ឋមួយមានប្រាង្គចំនួន៣បែរទៅទិសខាងកើត ហើយនៅទិស អាគ្នេយ៍មានស្នាមឥដ្ឋរៀបជាបន្ទប់ ដែលប្រហែលជាត្រូវនឹងគេសព្វថ្ងៃហៅថា «ហោត្រៃ» ត្រូវបានកសាងឡើងប្រហែលឆ្នាំ៩៤៤-៩៦៨ ក្នុងសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័នទី២៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print