ភ្នំពេញ : រាជរដ្ឋាភិបាលសម្រេច មាត្រា១..ត្រូវបានកែប្រែឧទ្យានជាតិវីរៈជ័យ ពីផ្ទៃដីទំហំ៣៣២ ៥០០(បីសែនបីម៉ឺនពីរពាន់ប្រាំរយ)ហិកតា មកផ្ទៃដីទំហំ៤០៥ ៧៦៦(បួនសែនប្រាំពាន់ប្រាំពីររយហុកសិបប្រាំមួយ)ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្ត រតនគិរីនិងខេត្តស្ទឹងត្រែង ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។
ផ្ទៃដីឧទ្យានជាតិវីរៈជ័យខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ៣៣២.៥០០(បីសែនបីម៉ឺន ពីរពាន់ប្រាំរយ)ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្ដីពីការបង្កើតតំបន់ ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឦសាន ដែលមានផ្ទៃដីទំហំ៧៣ ២៦៦(ប្រាំពីរម៉ឺនបីពាន់ ពីររយហុកសិបប្រាំមួយ)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
មាត្រា២ -អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖
– ធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ សម្រាប់វិទ្យាសាស្ត្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត
– លើកកម្ពស់តួនាទី សក្តានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ដោយចីរភាព
– រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ
– ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព
– ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ច
គាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព
– លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
មាត្រា៣ -ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិវីរៈជ័យ ដោយសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីធានាដល់ការគ្រប់គ្រង បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ មាត្រា៤ .-លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។
មាត្រា៥ -អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៦ -រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕
ដោយ : សិលា