ទីក្រុងបាងកក : គណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនចូលរួមកម្មវិធី “Trimble Days in Asia 2023” នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីសិក្សាស្វែងយល់លើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ លើការគ្រប់គ្រងគម្រោងឱ្យមានប្រសិទ្ឋភាព គុណភាព និងសន្សំសំចៃថវិកា ។
សូមបញ្ជាក់ថា ៖ ថ្ងៃពុធ-ព្រហស្បតិ៍ ៨-៩ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២៣ លោក សួន ភារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ឋចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណប្រតិភូក្រសួង ចូលរួមកម្មវិធី “Trimble Day in Asia 2023” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១០ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពីតំណាងប្រទេសក្នុងតំបន់អាស៊ី ស្ថាប័នរដ្ឋ ឯកជន ព្រមទាំង វិទ្យាស្ថានបណ្តុះបណ្តាលផងដែរ។
កម្មវិធីនេះផ្តោតសំខាន់លើវិស័យឧស្សាហកម្ម កសិកម្ម សំណង់អគារ សំណង់ស្ពាន-ថ្នល់ និងប្រព័ន្ឋលូទឹកស្អាត និងទឹកកខ្វក់ ក្នុងគោលបំណងបង្ហាញចែករំលែកពីការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងផ្តល់ដំណោះស្រាយដល់ស្ថាប័នពាក់ព័ន្ឋក្នុងការដំណើរការ និងគ្រប់គ្រងគម្រោងឱ្យមានប្រសិទ្ឋភាព គុណភាព និងសន្សំសំចៃថវិកាដើម្បីឈានមុខក្នុងសម័យឌីជីថលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕
ដោយ : សហការី