ឃុំខ្លួនជនសង្ស័យ​ ២នាក់ ពាក់ព័ន្ធករណីឆបោកពលរដ្ឋឱ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ ថាបានចំនេញលើសលុប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកស្វាយលើ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីឆបោកពលរដ្ឋឱ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ ចំនួន០២ឃុំ ស្មើនឹង០៩ភូមិ ប្រជាពលរដ្ឋដែលបានចាញ់បោក មានចំនួនសរុប១៥៩នាក់ ហើយ​ក្រោយ​សាកសួរ​បញ្ចប់​នីតិវិធី​ ក៏បានបញ្ជូនទៅ​សាលាដំបូងខេត្ត ក៏ត្រូវ​បានចៅក្រម​ស៉ើបសួរ​សាលាដំបូងខេត្ត​សៀមរាប​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែសីហា​នេះ។

លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា​ ឆ្នាំ​២០២៣នេះថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំការស្រាវជ្រាវបង្ក្រាបដោយលោកផ្ទាល់ ឈានដល់ឃាត់ខ្លួនជនស្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆបោក (ដាក់លុយទិញវត្ថុបូរាណ អថ័នសំរឹទ្ធ) នៅស្រុកស្វាយលើ។

លោក នួន ស័ក្ដិចំរើនរិទ្ធ បន្តថា នៅក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលជំនាញ បានឃាត់ជនសង្ស័យចំនួន០២នាក់ មាន ១.ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង២.ឈ្មោះ ចុត វេក ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ពាក់ព័ន្ធករណីឆបោក (ដាក់លុយទិញវត្ថុបូរាណ អថ័នសំរឹទ្ធ) កើតហេតុចន្លោះពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្រុកស្វាយលើ ខេត្តសៀមរាប ។

លោកបន្ថែមថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ ភេទប្រុស និងឈ្មោះ ចុត វេក ភេទប្រុស បានចុះមកផ្សព្វផ្សាយនៅក្នុងទឹកដីស្រុកស្វាយលើ ខេត្តសៀមរាប ដល់ប្រជាពលរដ្ឋរស់នៅក្នុងទឹកដីស្រុកស្វាយលើ ថា មានក្រុមហ៊ុន វត្ថុបុរាណ ថ្មសំរិទ្ធ ត្រូវការប្រាក់រៀបអសះនះ ដើម្បីយក អថ័នសំរិទ្ធ មកលក់ ដោយតម្រូវអោយប្រជាពលរដ្ឋ ដាក់ប្រាក់ចំនួន ៥០០០០រៀល និងបានប្រាក់ចំណេញមកវិញចំនួន ៥០០០០ដុល្លារអាមេរិក ។ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ និងឈ្មោះ ចុត វេក ចាប់ផ្តើមប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដោយបានបែងចែកជាក្រុម ដើម្បីប្រមូលក្នុងឃុំស្វាយលើ មានចំនួន០៦នាក់ និងឃុំតាសៀម មានចំនួន០៣នាក់ ។ ក្នុងនោះមានចំនួន០២ឃុំ ស្មើនឹង០៩ភូមិ ប្រជាពលរដ្ឋដែលបានចាញ់បោក មានចំនួនសរុប១៥៩នាក់ ។

លោកបញ្ជាក់ថា យោងតាមការស្តាប់បំភ្លឺរបស់ប្រជាពលរដ្ឋ ចំនួន០២នាក់ ១. ឈ្មោះ ព្រៀន ខុន ភេទស្រី អាយុ៦៤ឆ្នាំ ទីលំនៅភូមិបិទផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ២. ឈ្មោះ យ៉ាន់ ប៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
យោងតាមការស្តាប់ចម្លើយរបស់ជនសង្ស័យ ទាំងពីរនាក់ខាងលើ បានសារភាព ពិតជាបានផ្សព្វផ្សាយ និងប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុង០១នាក់ បើដាក់ប្រាក់ចំនួន ៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញ ចំនួន៥ម៉ឺនដុល្លារ ២០ម៉ឺនរៀល បានមកវិញ២០ម៉ឺនដុល្លារអាមេរិក ពិតប្រាកដមែន ។

លោកស្នងការ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប រឺបងប្អូនប្រជាពលរដ្ឋរទាំងអស់ សូមកុំចាញ់បោកលើរូបភាពឆបោក ពីសំណាក់ជនខិលខូច សូមប្រុងប្រយ័ត្នខ្ពស់ ជៀសវាងធ្លាក់ចូលក្នុងឧបាយកលជនបោកប្រាស់ ដូចក្នុងករណីនេះ។

...

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់​ ត្រូវ​បានចៅក្រម​ស៉ើបសួរ​សាលាដំបូងខេត្ត​សៀមរាប​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​រួចហើយ​៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print