ចំណាយថវិកាជាង២លានដុល្លា​រអាមេរិក ក្នុងដំណើរការនៃការសាងសង់មជ្ឈមណ្ឌលសំចតនៅក្រុងប៉ោយប៉ែត​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ លោក វង​ សូត​ បានថ្លែងអំណរគុណចំពោះភាគីថៃ​ដែលបានចំណាយថវិកាជាង២លានដុល្លា​រអាមេរិកក្នុងដំណើរការនៃការសាងសង់មជ្ឈមណ្ឌលសំចតនៅក្រុងប៉ោយប៉ែត​ ដើម្បីទទួលបងប្អូនពលកររងគ្រោះដោយអំពើជួញដូរមនុស្សនិងជនងាយរងគ្រោះដទៃទៀត។ លោក វង​ សូត​ រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​បានថ្លែងអំណរគុណចំពោះភាគីថៃ​ដែលបានជួយជ្រោមជ្រែងទាំងថវិកា​ក្នុងដំណើរការនៃការសាងសង់ផ្នែកបច្ចេកទេស​ សម្ភារទៅតាមស្តង់ដារ​ ដើម្បីទទួលបងប្អូនពលកររងគ្រោះដោយអំពើជួញដូរមនុស្សនិងជនងាយរងគ្រោះដទៃទៀត​បានស្នាក់នៅ​និងសិក្សារៀនសូត្រមុខជំនាញដើម្បី​យកទៅបង្កើតរបរចិញ្ចឹមជីវិត។

ការថ្លែងនេះគឺនៅក្នុងឱកាសដែលលោករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យមើលការសាងសង់មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងជនងាយរងគ្រោះដទៃទៀត​នៅក្នុងក្រុងប៉ោយប៉ែតនាថ្ងៃទី០៩​ ខែសីហា​ ​ រួមនឹងប្រតិភូអមដំណើរ​ ដោយមានការចូលរួមពីលោក​ ង៉ោ​ ម៉េងជ្រួន​ អភិបាលរងខេត្ត និងអភិបាលក្រុងប៉ោយប៉ែត​​។
នាឱកាសនោះ លោកក៏បានណែនាំ​ ដល់មន្ត្រីទាំងអស់​ត្រូវផ្តល់សេវានេះជូនដល់ពលរដ្ឋដែលរងគ្រោះ​មកទទួលសេវានៅទីនេះ​ឱ្យបានល្អ​និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ​ ដោយមិនត្រូវគិតផលប្រយោជន៍ផ្ទាល់ខ្លួនជាធំនោះឡើយ។
បើតាមការឱ្យដឹងពីលោកស្រី​ ឈា​ ម៉ានិត​ ប្រធានមណ្ឌលសំចត​ក្រុងប៉ោយប៉ែត​ បានបញ្ជាក់ថា៖​ គម្រោងសាងសង់មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរ មនុស្ស និងជនងាយរងគ្រោះដទៃទៀត​ មានទីតាំងស្ថិតនៅក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ គម្រោងនេះមុននឹងចាប់ផ្តើមការសាងសង់ ភាគីទាំងពីរគឺរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានរៀបចំបង្កើតគណៈកម្មាធិការដើម្បីជួបប្រជុំគ្នាចុះត្រួតពិនិត្យស្ថានភាពការដ្ឋានសាងសង់ជាប្រចាំរៀងរាល់មួយខែម្តងនៅសប្តាហ៍ទី៣នៃខែ។
លោកស្រី​បន្តថា​៖ ការសាងសង់មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះជាជំនួយឥតចំណង​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ចំនួនទឹកប្រាក់ (២,១៩៩,៩២០ដុល្លារសហរដ្ឋអាមេរិក)។គម្រោងសាងសង់នេះមានរយៈពេល១ឆ្នាំ​ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣​ខាងមុខនេះ ដែលមានទំហំផ្ទៃដីសរុប ៩,៧៦៨ម៉ែត្រការ៉េ(បណ្តោយ១០១,៣៩ម ទទឹង៩៦.៣៤ម)។
លោកស្រី​ ឈា​ ម៉ានិត​ ប្រធានមណ្ឌលសំចត​ ក្រុងប៉ោយប៉ែត​ បានបញ្ជាក់ទៀតថា​៖ ការទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងជនងាយរងគ្រោះដទៃទៀតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ការទទួលពលករពលការិនីកម្ពុជាបញ្ជូនមកពីប្រទេសថៃក្នុង១ថ្ងៃ ជាមធ្យម ៥០នាក់​។ ដោយឡែកការទទួលជនរងគ្រោះបញ្ជូនមកពីប្រទេសថៃក្នុង១ខែជាមធ្យម១០នាក់។ ក្នុងនោះដែរមជ្ឈមណ្ឌល​ ក៏មានជំនាញវិជ្ជាជីវៈចំនួន៥​ រួមមាន​ ៖​ ជំនាញកាត់ដេរ,​ ជំនាញសាឡន,​ ជំនាញធ្វើម្ហូប/បង្អែម,​ ជំនាញអគ្គិសនីនិងទឹកនិងជំនាញម៉ាស៊ីនត្រជាក់ផងដែរ ៕ ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print