ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នេះជាថ្ងៃទីពីរដែលអាជ្ញាធរក្រុង និងអាជ្ញាធរសង្កាត់បានដឹកនាំប្រជាពលរដ្ឋនិងប្រជាការពារភូមិបន្តស្តារស្ទឹងសៀមរាបបន្ថែមទៀត។
សូមជម្រាបជូនថា អាជ្ញាធរក្រុង និងអាជ្ញាធរសង្កាត់ បានដឹកនាំប្រជាពលរដ្ឋនិងប្រជាការពារភូមិមកពីបណ្តាសង្កាត់ចំនួន៧ បានរួមស្តារស្ទឹងសៀមរាបឱ្យមានសោភ័ណភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានការកកស្ទះនូវចក កំប្លោក សារាយ…ចាប់ពីចំណុចស្ពានថ្ម(អតីតមន្ទីរទេសចរណ៍)រហូតដល់ស្ពានអាងក្រពើ។ ការកកស្ទះទាំងនេះ បណ្តាលពីមកការបិទចរន្តទឹកហូរចេញ និងចរន្តហូរចូល ដើម្បីចៀសវាងផលប៉ះនៃការអនុវត្តគម្រោងស្តារស្ទឹងជំហាន២ ដែលកំពុងនឹងដំណើរការ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។ ការបិទចរន្តទឹកនេះ បណ្តាលឱ្យកើនឡើងនូវ ចក កំប្លោក សារាយ…យ៉ាងច្រើន ជាហេតុធ្វើឱ្យផែនការសំអាតកន្លងមកមិនអាចឆ្លើយតបបាន។
ជាមួយគ្នានោះ រដ្ឋបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុងបន្តយកចិត្តទុកដាក់ចំពោះការសំអាតនេះ ក្នុងករណីលើសផែនការគ្រោងទុក រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ត្រូវកៀងគរការចូលរួមពីប្រជាការពារ និងប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមសំអាត ដើម្បីលើកកំពស់សោភ័ណភាព រហូតដល់ការស្ថាបនាដងស្ទឹងត្រូវបានបញ្ចប់ ហើយទឹកស្ទឹង ត្រូវបានបើកចរន្តទឹកហូរជាប្រក្រតីឡើងវិញ៕ដោយ៖សហការី