ខេត្តកណ្ដាល ៖ ពិតជាសាហាវខ្លាំងណាស់! ប្ដីប្រពន្ធ២នាក់កំពុងតែដេកនៅលើគ្រែសុខៗស្រាប់តែមានខ្មាន់កាំភ្លើងបីនាក់មកបាញ់ប្រហារជាច្រើនគ្រាប់ បណ្ដាលឱ្យស្លាប់យ៉ាងរន្ធត់ ដោយពុំដឹងពីមូលហេតុនោះទេ។ ករណីឃាតកម្មនេះបានកើតឡើងនៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះពីរនាក់ ១.ឈ្មោះ ម៉ុច ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមសត្វទា និងលក់ចំណីសត្វ មានទីលំនៅភូមិ.ឃុំកើតហេតុ(ស្លាប់នៅកន្លែងកើតហេតុ)ប្តី , ២. ឈ្មោះគល់ ហ៊ាន់ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ(ត្រូវជាប្រពន្ធស្លាប់នៅកន្លែងកើតហេតុ) ។ ចំណែកជនសង្ស័យចំនួន៣នាក់(មិនស្គាល់អត្តសញ្ញាណ)។វត្ថុតាងចាប់យក៖សំបកគ្រាប់កាំភ្លើងចំនួន០៩គ្រាប់ – ក្បាលគ្រាប់កាំភ្លើងចំនួន០៣គ្រាប់។
ប្រភពដដែលបន្តថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០យប់ ជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធបាននាំគ្នាចូលទៅសំរាន្តនៅលើគ្រែក្រោមផ្ទះរបស់ខ្លួនដូចសព្វដង ចំណែកឯឈ្មោះ ស៊ាន់ សេងហ័ង ភេទប្រុស អាយុ១៩ឆ្នាំ ត្រូនជាកម្មករដើរប្រមូលពងទាក៏ដេកនៅលើគ្រែមួយទៀត ក្បែរគ្រែ
ជនរងគ្រោះចំហៀងខាងលិច រីឯកូនរបស់ជនរងគ្រោះឈ្មោះ ម៉ៅ ម៉ាច ភេទប្រុស បានដេកនៅក្នុងបន្ទប់ជាមួយប្រពន្ធ បន្ទប់ក្បែរគ្រែជនរងគ្រោះចំហ៊ៀងខាងជើង និងកូនប្រុសរបស់ជនរងគ្រោះម្នាក់ទៀតឈ្មោះ ម៉ៅ ឧត្តម បានដេកនៅលើផ្ទះជាមួយប្រពន្ធ។ លុះដល់វេលាម៉ោង ៣និង២០ទៀបភ្លឺ ស្រាប់តែមានជនសង្ស័យ៣នាក់មិនស្គាល់អត្តសញ្ញាណបានចូលមកបាញ់ជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ទាក់ទិនករណីឃាតកម្មនេះដែរ កាលពីកន្លងទៅថ្មីៗ ក្រុមគ្រួសារជនរងគ្រោះក៏ត្រូវបានគេកាប់សុសសាច់ទាំងយប់ស្ទើរស្លាប់នៅក្នុងទ្រុងទារបស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ ដោយរហូតមកទល់ពេលនេះ ពុំទាន់រកមុខជនដៃដល់ឃើញនៅឡើយទេ។
ករណីខាងលើនេះកម្លាំងសម្ថកិច្ចខេត្ត-ស្រុកនិងប៉ុស្តិ៍កំពង់ចុះពិនិត្យហេតុនិងស្រាវជ្រាវស្វែងរកជនសង្ស័យមកអនុវត្តតាមនីតិវិធី៕ ដោយ៖ស្អាងជ័យ