ខេត្តព្រៃវែង : នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខេត្តព្រៃវែង នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ក្នុងខេត្តព្រៃវែង ព្រមទាំងសកម្មជន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារសារខាគណបក្សទូទាំងខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំនោះ ក៏មានការធ្វើរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងលទ្ធផល នៃការបោះឆ្នោតពីសំណាក់លោក ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងផងដែរ។ សម្ដេចក្រឡាហោម ក៏បានផ្ដល់ឱកាសជូនតំណាងគណបក្ស និងក្រុមការងារគណបក្សប្រជាជនក្នុងខេត្តព្រៃវែង ឡើងបង្ហាញចំណាប់អារម្មណ៍ និងចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតផងដែរ។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោ ប្រធានគណបក្ស និងក្នុងនាមគណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា បានសម្ដែងការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ថ្នាក់ ក្រុមការងារយុវជន ក្រុមការងារស្រ្តី និងគណៈចលនាមហាជនរបស់ណបក្ស ព្រមទាំងសកម្មជនគណបក្សគ្រប់មជ្ឈដ្ឋានដែលខិតខំសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យគណបក្សទទួលបានជោគជ័យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានដែលបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងគាំទ្រយ៉ាងធំធេងដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ ស្របតាមមាគ៌ារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចក្រឡាហោម ក៏មានប្រសាសន៍ អំពីការវាយតម្លៃលើដំណើរការបោះឆ្នោត, បទពិសោធន៍ នៃភាពជោគជ័យក្នុងការបោះឆ្នោតនៅខេត្តព្រៃវែង, បញ្ហាប្រឈម, សំឡេងឆ្នោតគាំទ្រគណបក្សដទៃ និងទិសដៅការងារដែលត្រូវអនុវត្ត។ សម្ដេចក៏បានសង្កត់ធ្ងន់អំពីការផ្ដល់ការគាំទ្រចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ និងខិតខំបន្តបង្កើនកម្លាំងគាំទ្រនៅតាមមូលដ្ឋានសម្រាប់ការបោះឆ្នោតបន្តបន្ទាប់ទៀត៕
ដោយ : សិលា