ភ្នំពេញ : បន្ទាប់ពីបញ្ចប់ជំនួប នៅវេលាថ្ងៃត្រង់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំអាហារថ្ងៃត្រង់ទទួលបដិសណ្ឋារកិច្ច លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
សូមជំរាបថា លោក វ៉ាង យី (WANG Yi) បានមកដល់កម្ពុជា នៅម៉ោងជាង៣រសៀលម្សិលមិញ ដើម្បីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក វ៉ាង យី បានបង្ហាញអំពីការសង្ឃឹមជឿជាក់របស់ខ្លួនថា រាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងបន្តពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលក្នុងនោះ ភាគីចិនបានបង្ហាញជំហប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលរួមមានដូចជាការសាងសង់ផ្លូវល្បឿនលឿនបន្ថែមទៅបណ្ដាខេត្តសំខាន់ៗ ការអភិវឌ្ឍវិស័យទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការអភិវឌ្ឍផ្លូវដែកតភ្ជាប់ទៅច្រករបៀងសេដ្ឋកិច្ចភាគខាងជើង និងតភ្ជាប់ទៅផ្លូវដែកថៃ-ឡាវជាដើម ជាពិសេសបន្តការជំរុញកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូន និងនាំមកនូវគម្រោងសម្រាប់អភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជាបន្ថែមទៀត៕
ដោយ : សិលា