ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបន្ទាប់ពីប្តីទៅស្រុក១០ថ្ងៃខណៈវិលមកវិញឃេីញច្បាស់និងភ្នែកប្រពន្ធនាំប្រុសក្មេងមកដេកឱបគ្នានៅក្នុងបន្ទប់ជួល ឆោឡោ ផ្អើលអ្នកជិតខាង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅផ្ទះជួល ក្នុងបុរីសែមនោរម្យ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ ភាគីខាងស្ត្រីជាប្រពន្ធ មានឈ្មោះ ស អ អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ចំណុចកើតហេតុខាងលើ មានស្រុកកំណើត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ភាគីខាងប្តី មានឈ្មោះ ជិន រក្សា អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ រីឯភាគីខាងប្រុសក្មេង មានឈ្មោះ កុយ សាមេន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
នៅកន្លែងកើតហេតុ វត្តមានភាគីទាំង៣នាក់ក្នុងរឿងស្នេហាត្រីកោណខាងលើ បានបំភ្លឺលើកហេតុផលរៀងខ្លួនថា ៖
បុរសជាប្តីបានឲ្យដឹងថា ពួកគាត់បានរៀបការ ជាប្តីប្រពន្ធ មានទាំងកូនប្រុសម្នាក់ អាយុ១១ខែហើយ ក៏ប៉ុន្តែការរស់នៅក្នុងសង្គមគ្រួសារ មួយរយៈចុងក្រោយនេះ មិនចុះសម្រុងគ្នា ឈ្លោះប្រកែកពាក្យសម្តីគ្នា ខាងប្រពន្ធទាមទាររកតែលែងលះ ស្រាប់តែជាង១០ថ្ងៃមុននេះ ទាស់ពាក្យសម្តីគ្នាមួយប្រ៉ាវហើយ ទ្រាំមិនបានក៏ធ្វើដំណើរទៅស្រុក ស្រាប់តែនៅវេលាទាបភ្លឺថ្ងៃនេះ វិលមកវិញ ស្រាប់តែប្រទះឃើញ ប្រពន្ធនាំប្រុសក្មេងមកដេកស្អំបេះដូងជំនួសខ្លួនទៅវិញ ។
ភាគីខាងប្រពន្ធបានឲ្យដឹងថា ការរស់នៅជាប្តីប្រពន្ធ ក្រោយពីបានកូនមួយជាចំណងស្នេហ៍រួច មួយរយៈចុងក្រោយនេះ ខាងប្តីចេះតែខឹងចុះចោលខ្លួន ទើបអពមង្គលក្នុងគ្រួសាតចេះតែកើតមានជាហូរហែរ ហើយលើកចុងក្រោយនេះ ប្តីចុះចោលទៅបាត់អស់រយៈពេលជាង១០ថ្ងៃហើយ ទោះព្យាយាមហៅមកវិញ និយាយគ្នា បើមិនចុះសម្រុងគ្នាដដែល មានតែលែងលះ ចាស់ទុំ ម៉ែឪសងខាងនិយាយសម្របសម្រួល ក៏មិនឯកភាពគ្នាដែរ ទើបនៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នេះហៅនាំយុវជនម្នាក់មកស្នាក់អាស្រ័យជាមួយមែន ។
តែបើតាមភាគីប្រុសក្មេងវិញ បានឲ្យដឹងទាំងអារម្មណ៍ភិតភ័យថា គាត់ស្គាល់ស្ត្រីខាងលើ តាមរយៈលេងហ្វេសប៊ុក ជាង២ខែមកហើយ ហើយស្ត្រីខាងលើក៏បានប្រាប់គាត់ថា ជាស្ត្រីម៉េម៉ាយកូនប្រុស១ លែងលះគ្នាជាមួយប្តីរួចហើយ ទើបដាក់ចិត្តសុំស្នេហា សុំស្រឡាញ់ រហូតដល់ខាងស្រីហៅនាំទៅសម្រួមកាយ បង្កើនភាពផ្អែមល្ហែមដល់បន្ទប់ជួល អត់លាក់លៀមទេ បានសម្រេចម្តង លុះដល់ព្រឹកឡើង ស្រាប់តែលេចមុខបុរសម្នាក់មកអះអាងថាជាប្តីទៅវិញ ។ យុវជនខាងលើបន្តទៀតថា បើដឹងថាស្ត្រីខាងលើ មានប្តី ឬលែងលះប្តីមិនទាន់ដាច់ស្រេច នោះក៏គាត់មិនហ៊ានមកដេកឱបរឹតជាមួយដែរ ។
រឿងរ៉ាវចម្រូងចម្រាស់ស្នេហាត្រីកោណខាងលើ ផ្អើលអ្នកជិតខាងជួយគាត់ លួងលោម ជៀសវាង អ្នកទាំង៣បង្កហឹង្សាដាក់គ្នា ទីបំផុត ប្តីប្រពន្ធមួយគូខាងលើ បានយល់ព្រមឯកភាពគ្នាសម្រេចទៅស្រុកកំណើត ដើម្បីដោះស្រាយ លែងលះផ្តាច់សង្វាស់គ្នា ចំពោះមុខអាជ្ញាធរ ឲ្យដាច់ស្រឡះតែម្តង ។ ចំណែកឯភាគីប្រុសក្មេង អារម្មណ៍ភ័យផង បុកពោះផង វិលទៅផ្ទះវិញដែរ ៕ដោយ៖សុខាសែនជ័យ