អាជ្ញាធរបង់ក្លាដែសបានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា មនុស្សយ៉ាងហោចណាស់ចំនួន៥៥នាក់បានបាត់បង់ជីវិតនិងជាង១លាននាក់ទៀតបានរងផលប៉ះពាល់ដោយសារតែការធ្លាក់ភ្លៀងខ្លាំងរយៈពេល២សប្តាហ៍មកនេះ ដែលបានបង្កជាគ្រោះទឹកជំនន់និងបំណាក់ដីនៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។
អាជ្ញាធរនៅស្រុកចំនួន៤ ស្ថិតក្នុងចំណោមកន្លែងដែលរងគ្រោះធ្ងន់ធ្ងរជាងគេ បាននិយាយថា ទឹកជំនន់និងគ្រោះរអិលបាក់ដីគិតចាប់តាំងពីថ្ងៃទី១ ខែសីហា មកទល់នឹងពេលនេះបានផ្តាច់ជីវិតមនុស្ស២១នាក់ នៅ Cox’s Bazar, ១៩នាក់ នៅ Chittagong, ១០នាក់ នៅ Bandarban និង៥នាក់ នៅ Rangamati។ អាជ្ញាធរបង់ក្លាដែសបានបន្តថា ការផ្ទៀងផ្ទាត់បញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់ដែលស្លាប់គឺអាចប្រព្រឹត្តទៅបានទាល់តែក្រោយទឹកជំនន់ចាប់ផ្តើមស្រកទៅវិញប៉ុណ្ណោះ។ បន្ថែមពីនេះ មនុស្សប្រហែល ៦០០,០០០នាក់ បានទទួលរងផលប៉ះពាល់នៅស្រុក Cox’s Bazar និងប្រហែល៤៥០,០០០នាក់ បានរងផលប៉ះពាល់ នៅស្រុក Chittagong។
រដូវមូសុងតែងតែទទួលបន្ទុកប្រមាណ៨០ភាគរយនៃកម្រិតភ្លៀងធ្លាក់ប្រចាំឆ្នាំនៅតំបន់អាស៉ីខាងត្បូង ខណៈដែលអំឡុងពេលនេះហើយ មានមនុស្សបាត់បង់ជីវិតនិងការបំផ្លិចបំផ្លាញច្រើន ដោយសារតែទឺកជំនន់និងគ្រោះរអិលបាក់ដី។ ខណៈការធ្លាក់ភ្លៀងពិបាកក្នុងការព្យាករនិងមានលក្ខណៈប្រែប្រួលមិនទៀងទាត់ក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា បញ្ហាប្រែប្រួលអាកាសធាតុកំពុងជំរុញឱ្យរដូវមូសុងកាន់តែអាក្រក់និងផ្លាស់ប្តូរខ្លាំង ខណៈការកាប់បំផ្លាញព្រៃឈើ និងការសាងសង់លំនៅឋាននៅតាមជម្រាលភ្នំបានធ្វើឱ្យបាតុភូតទឺកជំនន់កាន់តែធ្ងន់ធ្ងរ៕ ដោយធីរីណា
រូបថត: Reuters