រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីការកែប្រែតំបន់ការពារធម្មជាតិពីឧទ្យានជាតិព្រះសីហនុ”រាម” ទៅជា ឧទ្យានជាតិសមុទ្រព្រះសីហនុរាម

ចែករំលែក៖

ភ្នំពេញ : រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីការកែប្រែតំបន់ការពារធម្មជាតិពីឧទ្យានជាតិព្រះសីហនុ”រាម” ទៅជា ឧទ្យានជាតិសមុទ្រព្រះសីហនុរាម សម្រេច :

មាត្រា១ -ត្រូវបានកែប្រែតំបន់ការពារធម្មជាតិពីឧទ្យានជាតិព្រះសីហនុ«រាម» ទៅជា ឧទ្យានជាតិសមុទ្រព្រះសីហនុរាម ដែលមានផ្ទៃសរុបទំហំ ៣៩ ៦៣៤(សាមសិបប្រាំបួនពាន់ប្រាំមួយរយសាមសិបបួន)ហិកតា តាមប្រព័ន្ធកូអរ ដោណេ Project UTM Zone 48N Datum WGS 1984 ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនិងខេត្តកំពត ដោយក្នុងនោះមានផ្ទៃដីទំហំ១៩ ៣៤០(ដប់ប្រាំបួនពាន់បីរយសែសិបហិកតា និងផ្ទៃទឹកទំហំ២០ ២៩៤ (ម្ភៃពាន់ពីររយកៅសិបបួន)ហិកតា ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកាភ្ជាប់ក្នុងឧបសម្ព័ន្ធ២ន អនុក្រឹត្យនេះ។

មាត្រា២ – អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

– លើកកម្ពស់តួនាទី សក្ដានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ររាមឆ្លើយតបទៅនឹង គោលដៅអភិវឌ្ឍន៍ដោយចីរភាព

– ថែរក្សាការពារមុខងារប្រព័ន្ធអេកូឡូស៊ីនៃឧទ្យានជាតិសមុទ្រព្រះសីហនុរាមឱ្យមាននិរន្តរភាព

– ជំរុញនិងលើកកម្ពស់ការការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុង កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។

មាត្រា៣ – ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រង តំបន់ឧទ្យានជាតិសមុទ្រព្រះសីហនុរាម ដោយសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុនិងខេត្តកំពត ដើម្បីធានាដល់ប្រសិទ្ធភាព ការងារគ្រប់គ្រងបរិស្ថាន និងការរស់នៅដោយចីរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។

មាត្រា៤ – លិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការ ធ្វើអនុបយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលប្រើឈ្មោះឧទ្យានជាតិព្រះសីហនុ«រាម» ត្រូវមានអនុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តិថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៥ – បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៦ – រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិង ខេត្តកំពត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print