ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានបញ្ជូនខ្លួន លោកវរសេនីយ៍ទោ ហ៊ុត គង់ អធិការរងខណ្ឌចំការមន ទទួលផែនការងារ ជំនាញកោសល្យវិច្ឆ័យ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ 2BV -5390 ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តឲ្យសន្លប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យកំពុង ស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ដោយ៖ រ៉ារ៉ា