ភ្នំពេញ៖ លោកឃួង ស្រេង បានណែនាំឲ្យ អាជ្ញាធរខណ្ឌចំការមន រៀបចំសណ្តាប់ធ្នាប់ និងសំអាតអនាម័យបរិស្ថានឲ្យបានល្អប្រសើរ នៅជុំវិញវិមានរដ្ឋសភា និងនៅជុំវិញព្រះបរមរាជវាំង ខណៈកិច្ចប្រជុំសភានឹងឈានចូលមកដល់ នៅថ្ងៃទី២១ សីហា២០២៣ ។
ការណែនាំនេះបានធ្វើឡើង ខណៈ លោកដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅជុំវិញវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦សីហា ២០២៣នេះ។
លោក ឃួង ស្រេង ក្នុងខណៈនៃការចុះពិនិត្យនោះ បានធ្វើការណែនាំថា សម្រាប់អាជ្ញាធរខណ្ឌចំការមន ដែលជាម្ចាស់មូលដ្ឋាន ត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងអនាម័យបរិស្ថាន នៅជុំវិញវិមានរដ្ឋសភាអោយបានស្អាត ដោយចាប់ផ្តើមអនុវត្តចាប់ពីពេលនេះតទៅ ព្រោះថា កិច្ចប្រជុំសភា និងការស្បថចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២១និង២២ សីហានេះហើយ។
សូមបញ្ជាក់ផងដែរថា៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤សីហាកន្លងមកនេះ លោកឃួង ស្រេង ក៏បានធ្វើការណែនាំរួចម្តងហើយដែរ ដោយជម្រុញអោយ អាជ្ញាធរខណ្ឌដែលមានរដ្ឋសភានិងបរមរាជវាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំ សណ្ដាប់ធ្នាប់ អនាម័យបរិស្ថានអោយបានល្អជាមួយនឹងការរក្សាអោយបាននូវសន្តិសុខខ្ពស់បំផុត នៅទីតាំងទាំង២នេះ សម្រាប់ថ្ងៃទី២១ និង២២ សីហា ខាងមុខនេះ៕ដោយ៖ សំរិត