៨ខែបន្ទាប់ពីបើកការដ្ឋាន គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣៥% នេះបង្ហាញឱ្យឃើញថាគម្រោងអនុវត្តលឿនជាងផែនការ

ចែករំលែក៖

ខេត្តកំពត៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ត្រូវបានក្រុមការងារបច្ចេកទេស ដឹកនាំដោយ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង អញ្ជើញចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារជាថ្មីម្តងទៀត កាលពីព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ជាច្រើនរូបផងដែរ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពសាងសង់ស្ពានក្បាលរមាសថ្មី ត្រង់ចំណុចគីឡូម៉ែត្រលេខ០៤+៧៩១ និងត្រួតពិនិត្យលើការងារបច្ចេកទេស សាងសង់ផ្លូវតាំងពីដើមទី រហូតដល់ចុងទី។ ដើម្បីធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង លោករដ្ឋលេខាធិការ ប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង នឹងអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ព្រមជាមួយឧបករណ៍ និងម៉ាស៊ីនត្រួតពិនិត្យគុណភាពស្រទាប់គ្រឹះផ្លូវ យកមកធ្វើតេស្ត នាដើមខែកញ្ញាខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋលេខាធិការ
បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ព្រមទាំងស្រោចទឹកកាត់បន្ថយដីហុយឱ្យបានជាប់លាប់ ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបជូនដែរថា៖ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៥,១២% ក្នុងនោះរួមមាន៖ (១) ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧ គ.ម (២) ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៧ គ.ម និង (៣) ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៧,៦៦ គ.ម។ តួលេខខាងលើបានបង្ហាញថាគម្រោងកំពុងអនុវត្តទៅលឿនជាងផែនការដែលបានគ្រោងទុក៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print