កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ព្រមព្រៀងគ្នាធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៉ីជម្រៅ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន រួមជាមួយប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានព្រមព្រៀងគ្នាធ្វើឱ្យកាន់តែស៉ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការយោធានិងសេដ្ឋកិច្ច ហើយក៏បានធ្វើការថ្កោលទោសរួមគ្នាផងដែរ ចំពោះអ្វីដែលមេដឹកនាំទាំង៣ហៅថាជា សកម្មភាពគ្រោះថ្នាក់និងបង្កហេតុរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

កិច្ចប្រជុំកំពូលខាងលើរវាងលោក បៃដិន ហើយនិងមេដឹកនាំនៃប្រទេសសម្ព័ន្ធមិត្តដ៏សំខាន់ទាំង២ របស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់អាស៉ី គឺប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា ត្រូវបានធ្វើឡើងនៅកន្លែងសម្រាកវិស្សមកាល Camp David របស់ប្រធានាធិបតីអាមេរិក ក្រោមគោលដៅព្យាយាមបង្ហាញចេញ នូវសាមគ្គីភាពរវាងប្រទេសទាំង៣ ចំពោះមុខការកើនឡើងនៃអំណាចរបស់ប្រទេសចិន ហើយនិងការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង។
ក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលនោះ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញការប្តេជ្ញាចិត្តប្រឹក្សាយោបល់គ្នាអំលុងវិបត្តិផ្សេងៗ ហើយធ្វើការជាមួយគ្នាដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈម សកម្មភាពបង្កហេតុ និងការគំរាមកំហែងផ្សេងៗ ដែលប៉ះពាល់ដល់ផលប្រយោជន៍រួម។
ប្រទេសទាំង៣ ក៏បានឯកភាពគ្នាធ្វើសមយុទ្ធយោធាជារៀងរាល់ឆ្នាំ ហើយចែករំលែកព័ត៌មានឱ្យទាន់ពេលវេលា ស្តីពីការបាញ់មីស៉ីលរបស់កូរ៉េខាងជើងផងដែរ។ មិនតែប៉ុណ្ណោះ សម្ព័ន្ធមិត្តទាំង៣បានសន្យាថា នឹងរៀបចំឱ្យមានកិច្ចប្រជុំកំពូលត្រីភាគីជារៀងរាល់ឆ្នាំ។ ដោយឡែក ពាក់ព័ន្ធនឹងការថ្កោលទោសលើប្រទេសចិន គឺវាហាក់មានលក្ខណៈធ្ងន់ៗជាងការរំពឹងទុក ដែលទំនងជានឹងជំរុញឱ្យមាន ការឆ្លើយតបពីទីក្រុងប៉េកាំងមិនខានឡើយ ខណៈចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កូរ៉េខាងត្បូងនិងជប៉ុន។
កិច្ចប្រជុំកំពូលត្រីភាគីខាងលើ គឺជាជំនួបផ្លូវការដាច់ដោយឡែកតែឯងដំបូងបំផុត រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយវាកើតឡើងទៅបាន បន្ទាប់ពីទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ បានចាប់ផ្តើមផ្សះផ្សាទំនាក់ទំនងគ្នា ជុំវិញវិវាទប្រវត្តិសាស្រ្ត ហើយត្រូវបានជំរុញដោយក្តីបារម្ភរួម ពាក់ព័ន្ធទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយចិននិងកូរ៉េខាងជើង ក៏ដូចជារុស្ស៉ីផងដែរ ក្រោយសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print