ភ្នំពេញ: លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងនារសៀលថ្ងៃទី២០នេះថា សមត្ថកិច្ចយើងគ្មានសិទ្ធិដោះលែងជនសង្ស័យវាយគ្នានោះទេទាល់តែព្រះរាជអាជ្ញាទើបមានសិទ្ធិសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន និងអាចមានសិទ្ធិចាត់ការតាមនីតិវិធីបាន។
បើតាមសម្តីលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា កាលពីម៉ោង១០យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មានករណីវាយគ្នាទៅវិញទៅមកនេះបានកើតឡើងនៅលើផ្លូវលេខ១០០៣ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ហើយក្រោយកើតហេតុជនសង្ស័យទាំង៩នាក់ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យករណីហិង្សាវាយគ្នាទៅវិញទៅមកនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវនោះ ទើបនៅព្រឹកថ្ងៃទី២០ ខែសីហាឆ្នាំ ២០២៣ មានប្រជាពលរដ្ឋនាំគ្នាតវ៉ាបិទផ្លូវ ដើម្បីឲ្យសមត្ថកិច្ចយើងមានការដោះលែងក្រុមជនសង្ស័យដែលវាយគ្នាទៅវិញទៅមកនោះ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលបានមកតវ៉ានៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក៏ដូចជាសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា សមត្ថកិច្ចយើងក្រោយពេលឃាត់ខ្លួនជនសង្ស័យដែលវាយគ្នាទៅវិញទៅមកទាំង៩នាក់នេះ គឺសមត្ថកិច្ចយើងបានរាយការណ៍ជូនថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាក៏បានឲ្យធ្វើកំណត់ហេតុសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី។
ក្រោយពេលមានការតវ៉ាលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ក៏បានអញ្ជើញតំណាងបងប្អូនប្រជាពលរដ្ឋដែលមកតវ៉ាមកប្រាប់អំពីហេតុផលថា បើបងប្អូននាំគ្នាមកតវ៉ានៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវនេះ ក៏សមត្ថកិច្ចយើងគ្មានសិទ្ធិដោះលែងជនសង្ស័យទាំងនោះទេ ទាល់តែមានការឯកភាពពីព្រះរាជអាជ្ញាទើបសមត្ថកិច្ចយើងហ៊ានដោះលែង។ លោកអធិការក៏សូមឲ្យបងប្អូនអញ្ជើញទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីខាងតិលាការភាព យុត្តិធម៌ឲ្យភាគីទាំងសងខាងថាខាងណាខុសខាងណាត្រូវ៕ដោយ៖ជ្រោយពេជ្រ