ខេត្តពោធិ៍សាត់៖ ផ្ទះឈើ១ខ្នងរួមទាំងសម្ភារមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ដោយសារតែកូនដុតទៀនទុកលើធុងទឹកកករួចទៅសាលារៀនបាត់ បណ្ដាលឲ្យរាលឆាបឆេះធុងឆ្លងឆេះផ្ទះតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង០៥នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចអន្លង់ថ្ម ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរស្រុកភ្នំក្រវាញបានឲ្យថា ផ្ទះដែលអគ្គិភ័យឆាបឆេះទាំងស្រុងនោះសង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្តា រនាបក្រាលក្តា មានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ចាប ពៅ ភេទប្រុស អាយុ ៤៨ឆ្នាំនិងប្រពន្ធឈ្មោះ សូត្រ សាវេត ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ផ្ទះត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងខាងលើបណ្ដាលឲ្យខូចខាតសម្ភាររួមមាន ទូរទស្សន ១គ្រឿង, ក្បាលចាក់ VCD ១គ្រឿង, ផ្ទាំងសូឡា ១ឈុត, អាគុយ ២គ្រឿង, វិទ្យុទាក់ទង ១គ្រឿង, ប្លង់ដីស្រែ ១សន្លឹក និងលុយខ្មែរចំនួន ៧លាន២០ម៉ឺនរៀល ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះចំនួនធំទៀត ។
ប្រភពបន្តទៀតថា មូលហេតុដែលបណ្ដាលឲ្យឆាបឆេះផ្ទះខាងលើនេះគឺបណ្តាលមកពីកូនដុតភ្លើងទៀនទុកចោលនៅលើធុងទឹកកករួចចេញទៅសាលារៀនភ្លេចពន្លត់ ទើបបណ្តាលឲ្យឆាប់ឆេះបែបនេះតែម្តង គ្រានោះម្ចាស់ផ្ទះបានរាយការណ៍ប្រាប់សមត្ថកិច្ចតាមលំដាប់លំដោយផងដែរ តែដោយគ្មានផ្លូវចេញចូលម្យាងទៀតផ្ទះកើតហេតុនៅឆ្ងាយដាច់ស្រយាលពីគេឯងផងនោះ មិនត្រូវបានរថយន្តពន្លត់អគ្គីភ័យចេញទៅជួយអន្តរាគមន៍បាននោះទេ៕
ដោយ៖ ប៉ឹម ពិន