ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃចន្ទទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញមុខជាសង្ស័យម្នាក់ ដែលជាមុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មក្នុងស្រុកព្រៃនប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
គួរជម្រាបថា កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការចុះបង្ក្រាបករណីគ្រឿងញៀនមួយករណី នៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃទី១៩ ខែសីហាថ្មីៗនេះ ជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ណែម វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ទិញអេតចាយ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ ទូរស័ព្ទដៃចំនួន០១ គ្រឿង និងម៉ូតូចំនួន០១គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញ នៅថ្ងៃទី២១ ខែសីហានេះ បានកសាងសំណុំរឿង និងត្រៀមខ្លួនបញ្ជូនខ្លួនជនសង្ស័យទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សហការី