ភ្នំពេញ ៖ យុវជនម្នាក់និងយុវតីពីរនាក់ទៀតបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូលឿនវាក់នឹងរថយន្តក៏ចាប់ហ្វ្រ័ងដួលបោកទៅនឹងថ្នល់ក៏ត្រូវរថយន្តកុងតឺន័របើកមកពីក្រោយកិនកាលពីវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចកណ្ដាលភ្លើងស្តុប 24 ម៉ោងតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវតីទាំងពីរនាក់ទីមួយមានឈ្មោះម៉ីម៉ី ទីពីរមានឈ្មោះស្រីភា ចំណែកឯយុវជនម្នាក់ទៀតមានឈ្មោះសំណាងអាយុ១៩ឆ្នាំ។ អ្នកទាំងបីជិះម៉ូតូឌុបគ្នា
ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KG-7491។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញយុវជននិងយុវតីបីនាក់ខាងលើជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានវាក់អឺនឹងរថយន្តកុងតឺន័រដែលបើកតាមបណ្តោយផ្លូវភ្នំពេញហាណូយមកពីត្បូងទៅជើង ហើយអ្នកបើកម៉ូតូក៏ចាប់ហ្វ្រ័ងធ្វើឱ្យម៉ូតូបោកដួលទៅលើថ្នល់បណ្តាលឱ្យរថយន្តកុងតឺន័រកិនទាំងបីនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយពីកិនហើយរថយន្តកុងតឺន័របានបន្ថែមល្បឿនគេចទៅបាត់ស្រមោលតែម្ដង។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកមធ្យោបាយទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ រ៉ារ៉ា