ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយលោកស្រី Yang XiuPing អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន( Asean China Center)។
កិច្ចប្រជុំបានផ្តោតទៅលើកិច្ចសហការរវាង ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន ដើម្បីរួមគ្នាទាក់ទាញទេសចរនិងវិនិយោគិនចិនមកកម្ពុជាឲ្យច្រើនដើម្បីសម្រេចបានគោលដៅកម្ពុជាទទួលភ្ញៀវចិន២លាននាក់នៅឆ្នាំ ២០២០។
លោករដ្ឋមន្រី្តក៏បានស្នើសុំឲ្យមានការផ្លាស់ប្តូរព័ត៌មានទេសចរណ៍ និងផ្សព្វផ្សាយអំពីទីផ្សារទេសចរណ៍កម្ពុជាដល់ប្រជាជនចិន និងអនុញ្ញាតឲ្យក្រសួងទេសចរណ៍អាចចូលរួមសិក្ខាសាលានៅទីផ្សារចិន ព្រមទាំងជួយជំរុញឲ្យមាន Farm trip និងអ្នកវិនិយោគចិន (Investors) ឲ្យមកកម្ពុជាកាន់តែច្រើនដើម្បីដោះដូរ Media( ចិនមកកម្ពុជា និងកម្ពុជាមកចិន)។
ជាកិច្ចឆ្លើយតប លោកស្រី អគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ដែលបានរៀបចំគឺ ទី១-សៀវភៅស China Ready សម្រាប់ទេសចរណ៍កម្ពុជា និងប្រព័ន្ធវាយតម្លៃគុណភាព China Ready Accreditation System ដែលជាឯកសារយុទ្ធសាស្ត្រទេសចរណ៍ទីផ្សារចិនលើកដំបូងនៅអាស៊ី និងអាស៊ាន។ ទី២-ផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិន ២០១៦-២០២០។
លោកស្រី អគ្គលេខាធិការក៏បានថ្លែងអំណរគុណរដល់ក្រសួងទេសចរណ៍ដែលជាទូទៅបានសហការល្អជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន ទៅលើ ការសម្រួលដល់ការថតខ្សែភាពយន្តនៅកម្ពុជារបស់ ACC និងចែករំលែកបទពិសោធន៍ល្អៗពីទេសចរណ៍កម្ពុជា។
លោកស្រី អគ្គលេខាធិការក៏បានជម្រាបថា នៅខែកញ្ញា ឆ្នាំ២០១៦ ACC នឹងនាំក្រុមទូរទស្សន៍មកថតនៅអាស៊ានក្នុងនោះមានកម្ពុជា និងរៀបចំឲ្យមានកម្មវិធីជាច្រើនទៀតដូចជា Photo Contest ដែលមានអ្នកចូលរួម ៥.០០០នាក់ហើយនិងស្នើឲ្យក្រសួងទេសចរណ៍កម្ពុជា គាំទ្រ និងសហការ៕
ដោយ៖ សីលា