ខេត្តស្ទឹងត្រែង÷ ឧបករណ៍ឆក់ត្រីមួយសម្រាប់ត្រូវបានកម្លាំងល្បាត អភិរក្សត្រីមេពូជប្រទះឃើញលើទូកនៅមាត់កំពុងទឹកទន្លេមេគង្គ រៀបចំចុះធ្វើសកម្មភាពឆក់ត្រូវបានក្រុមអភិរក្សធ្វើការរឹបអូសយកមករក្សាទុក និងបានស្រាវជ្រាវឲ្យម្ចាស់ មកទទួលខុសត្រូវចំពោះសម្ភារៈល្មើសច្បាប់នេះ។
លោក ចាន់ ធឿង មន្ត្រីឧទ្យានុរក្ស ផ្នែកបរិស្ថាន បានបញ្ចាក់ថា ទូក១គ្រឿងនេះត្រូវបានក្រុមអភិរក្សប្រទះ ឃើញនៅព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំណុច កោះកាង ក្នុងភូមិសាស្ត្រ ភូមិកោះខនឌិនសង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។
លោកបន្តថា នៅលើទូកមានសម្ភារៈឧបករណ៍ឆក់០១ មួយគ្រឿង -ម៉ាស៊ីន៥សេស១គ្រឿង,ក្បាលឆក់(ប្រភេទក្តៅ)០១ -អាគុយ៤០អំពែរ០១-ច្រវ៉ា ជាប់កន្ត្រង ខ្សែ ភ្លើង០១ -ខ្សែកាបប្រវែង ១ម៉ែត ១ខ្សែ-ដែលបំរុងធ្វើ សកម្មភាពឆក់ត្រីនៅដងទន្លេមេគង្គ។
លោកមន្ត្រីឧទ្យានុរក្សបន្ថែមថា ក្រោយពីសមត្ថកិច្ចប្រទះឃើញឧបករណ៍ឆក់ត្រីខុសច្បាប់ មួយសន្ទុះ ក្រោយមក ក៏មានឈ្មោះ ទៀង យ៉ន ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅ ភូមិកោះខនឌិន សង្កាត់សាមគ្គី ជាម្ចាស់ទូកចុះមក ហើយក្រុមការងារអភិរក្សក៏បានហៅនាំមកស្នាក់ការកោះត្រែង។
លោកបន្តថា ការហៅមកនេះមន្ត្រីបានសួរនាំ និងបាន អប់រំ ណែនាំ ហើយឱ្យធ្វើកិច្ចសន្យា និងឱ្យត្រឡប់ទៅផ្ទះវិញសិន។ ចំណែកវត្ថុតាង មានទូកនិងសម្ភារៈពាក់ព័ន្ធ ដកហូតយកមក រក្សាទុកនៅស្នាក់ការរងកោះត្រែង ជាបណ្តោះអាសន្នដើម្បីសុំកិច្ចសហការពីថ្នាក់ដឹកនាំនិងឈានទៅអនុវត្តនិតិវិធី។
សូមបញ្ចាក់ថា ក្នុងរយៈពេលចុះល្បាតក្នុងរដូវបិទនេសាទនេះ សមត្ថកិច្ចបានល្បាតជួបជនសង្ស័យប្រើឧបករណ៍ឆក់ត្រី សម្ភារៈល្មើសច្បាប់ជាច្រើនប្រភេទ ត្រូវបានរឹបអូសនិងបានប្រដេញគ្នាតាមទូកហើយជន សង្ស័យបានរត់ចោល ឧបករណ៍គេចខ្លួនបាត់តែម្តង៕ដោយ៖សុរិយា