ភ្នំពេញ : ការចំលងមេរោគចំពោះម្តាយ និងទារកកំឡុងពេលមានគភ៌ (TORCH infections during pregnancy)
ក) តើTORCH infections ជាអ្វី ហើយបង្កដោយមេរោគអ្វីខ្លះ?
ស្រ្តីដែលកំពុងមានគភ៌ មានប្រព័ន្ធការពារចុះខ្សោយ ជាហេតុធ្វើអោយពួកគាត់មានភាពប្រឈមនឹងជំងឺឆ្លងជាច្រើនកំឡុងពេលពពោះ។ ក្នុងនោះ មានអតិសុខុមប្រាណ ឬមេរោគ (micro-organisms) មួយចំនួនអាចចំលងពីម្តាយ ទៅកាន់ទារកក្នុងគភ៌ និងអាចបង្កផលប៉ះពាល់ កំឡុងពេលជុំវិញសំរាល (Perinatal infection)។
ការយល់ដឹងពីជំងឺទាំងនេះ អាចជួយជាចំនេះដឹងដល់អនាគតម្តាយ ក្នុងការបង្ការ ក៏ដូចជាកាត់បន្ថយការចម្លង។
ភាគច្រើននៃការបង្គរោគជំពូកនេះ បង្កឡើងដោយមេរោគ (Virus)៖
– T: Toxoplasmosis : ជំងឺ Toxoplasmosis (ឆ្លងតាម ការបរិភោគសាច់មិនឆ្អិន រឺ ឆ្លងពីការប៉ះពាល់លាមកសត្វ ឆ្មា)
– R: Rubella : ជំងឺស្អូច
– C: Cytomegalovirus : ជំងឺបង្កដោយមេរោគ Cytomegalovirus (ស៊ីតូម៉េកាឡូវីរុស)
– H: Herpes (HSV) : ជំងឺពងបែកមាត់ រឺប្រដាប់ភេទ ដែលបង្កមកពីមេរោគ Herpes
Simplex
– O: មេរោគមួយចំនួនទៀតក៏អាចឆ្លងពី ម្តាយទៅទារកក្នុងផ្ទៃផងដែរ ដូចជា៖
១. អេដស៍
២. ស្វាយកាមរោគ (Syphilis)
៣. អុតស្វាយ (chickenpox)
៤. Parvovirus B19
៥. ជំងឺឆ្លងតាមរយះមូសខ្លា សំខាន់គឺ គ្រុនឈាម គ្រុនឈីក និង Zika…
ខ) តើទារកអាចឆ្លងតាមរបៀបណា?
បើសិនជាស្រ្តីជាម្តាយបានឆ្លងរោគណាមួយ ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវ ទារកដែលតូច ហើយខ្សោយ អាចឆ្លងតាម២ដំណាក់កាល៖
– កំឡុងពេលមានគភ៌ (តាមរយះទងផ្ចិត)
– កំឡុងពេលជុំវិញសំរាល
គ) ផលប៉ះពាល់ចំពោះស្រ្តីជាម្តាយ និងទារក
– ចំពោះស្រ្តីជាម្តាយ៖ ជាទូទៅ មិនមានការប៉ះពាល់សុខភាព និងសុវត្ថិភាពស្រ្តីជាម្តាយនោះទេ។ ជំងឺមួយចំនួន អាចទទួលការព្យាបាលដោយមិនមានផលប៉ះពាល់។
– ចំពោះទារក៖ មានការប៉ះពាល់ច្រើនទៅលើសុខភាពទារក ទាំងក្នុងផ្ទៃ ជុំវិញពេលសំរាល និងក្រោយពេលសំរាល។
– ការប៉ះពាល់មុនសំរាល៖ ទារកអាចប្រឈមនឹងការសំរាលមុនខែ ឬ គ្រប់ខែ តែមានទំងន់តូច។ ករណីធ្ងន់ អាចប្រឈមនឹងការ រលូត ឬ ស្លាប់ក្នុងពោះ។ ករណីខ្លះ ទារកអាចប្រឈមការមានអវយវៈមិនប្រក្រតី (malformation)។
– ការប៉ះពាល់ក្រោយសំរាល៖
១. ផលប៉ះពាល់ទាក់ទងនឹងការសំរាលមុនខែ (Prematurity Complications)
២. សញ្ញានៃការឆ្លងមេរោគពីម្តាយ៖ ក្តៅខ្លួន មិនបៅ ឡើងចុចក្រហមពេញខ្លួន ថ្លើមរីកធំ ខាន់លឿងខុសធម្មតា…
៣. ករណីធ្ងន់ទារកអាចមាន ការប្រកាច់ (seizure) ភ្នែកឡើងបាយ (cataracts) វិបត្តិនៃការស្តាប់លឺ (hearing impairment) ក្បាលតូច (microcephaly)…
៤. ករណីធ្ងន់ ទារកអាចប្រឈមនឹងការស្លាប់ក្រោយសំរាល
ឃ) តើម្តាយគ្រប់រូបគួរធ្វើដូចម្តេចខ្លះដើម្បីបង្ការបញ្ហាទាំងនេះ?
– តាមដានសុខភាពផ្ទៃពោះអោយបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតជំនាញ
– កុំពិសារ សាច់ដែលមិនបានចំអិនឆ្អិនល្អ
– កាត់បន្ថយ រឺកុំលេងជាមួយ សត្វឆ្មា ពេលមានផ្ទៃពោះ
– ជ្រើសរើសមន្ទីរពេទ្យសំរាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់
– គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការផ្តល់ទឹកដោះ និងថែទាំទារក
ដូច្នេះ អនាគតឪពុកម្តាយគ្រប់រូបដែលមានបញ្ហាប្រឈម គួរគប្បីមកធ្វើរការតាមដាន និងសំរាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យតែមួយនៅកម្ពុជា ដែលមានការឈានមុខគេខាងផ្នែកឯកទេសកុមារ និងទារក។
នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ : សហការី