សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ទម្លាក់យន្ដហោះដ្រូនប្រយុទ្ធ៣គ្រឿងដែលព្យាយាមវាយប្រហារលើទីក្រុងមូស្គូ ដែលនេះជាការវាយឆ្មក់លើកចុងក្រោយបំផុតមួយលើរដ្ឋធានីរបស់រុស្ស៉ីដោយយន្ដហោះដ្រូនដែលអាជ្ញាធរមូស្គូ ចោទថាជាស្នាដៃរបស់អ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា យន្ដហោះដ្រូនមួយគ្រឿងត្រូវបានប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់នៅក្បែរអគារមួយ ចំកណ្ដាលទីក្រុងមូស្គូ នៅព្រឹកថ្ងៃពុធនេះ។ ចំណែកយន្ដហោះដ្រូន ២គ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់នៅខាងក្រៅទីក្រុងមូស្គូ។ ចៅហ្វាយក្រុងមូស្គូ លោក សឺហ្គៃ សូប៊ីយ៉ានីន (Sergei Sobyanin) ក៏បានបញ្ជាក់ក្នុងសារបង្ហោះលើ Telegram ដែរថា យន្តហោះដ្រូនមួយគ្រឿងដែលត្រូវបានបាញ់ទម្លាក់បានធ្លាក់ចំអគារមួយកំពុងស្ថិត ក្រោមការសាងសង់ចំកណ្ដាលទីក្រុងមូស្គូ។ តែមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់ឡើយ។
ខណៈកងកម្លាំងអ៊ុយក្រែនកំពុងធ្វើប្រតិបត្តិការវាយបកបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន ការវាយប្រហារដោយយន្ដហោះដ្រូនក្នុងទឹកដីរុស្ស៉ី ជាពិសេសលើទីក្រុងមូស្គូ បានកើតឡើងជាញឹកញាប់។ រុស្ស៉ីបានចោទប្រកាន់ថា អ៊ុយក្រែនជាអ្នកនៅពីក្រោយការវាយប្រហារយន្ដហោះដ្រូនទាំងនេះ រីឯទីក្រុងកៀវមិនដែលបានទទួលស្គាល់ជាផ្លូវការនោះទេ។ ប៉ុន្តែ កាលពីខែកក្កដាកន្លងទៅ លោកប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន កំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ីវិញហើយ៕ ដោយធីរីណា
រូបថត: hanoimoi.vn