លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី​ ពេជ​ ចន្ទមុន្នី​ ចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ​៖​ នៅថ្ងៃពុធទី២៣ ខែសីហា ឆ្នាំ​២០២៣នេះ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី​ ពេជ​ ចន្ទមុន្នី​ ចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ជាមួយគ្នានេះ​ លោកស្រី​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ “ខ្ញុំម្ចាស់និងស្វាមីមានមហាកិត្តិយសដែលបានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត🙏🙏🙏 “។

សូមជម្រាបថា​ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹក​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចដល់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីផងដែរ។

គួរបញ្ជាក់ថា​ កាលពីថ្ងៃទី២២​ សីហាម្សិលមិញនេះ​ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ។

សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។

...

សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា​ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕ ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print