ខេត្តព្រៃវែង៖ ក្មេងស្រីម្នាក់បានរងរបួសបាក់កំភួនជើងដោយសារម៉ូតូបុកពេញទំហឹង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតក្នុងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាក ឌ្រីមសង សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ឈ្មោះស្រូយ វុទ្ធី អាយុ១៧ឆ្នាំ មានទីលំនៅភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឈា បុប្ផា អាយុ១៣ឆ្នាំ រស់នៅភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង រងរបួសបាក់កំភួនជើង។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនបង្កបានបើកម៉ូតូក្នុងទិសដៅពីកើតមកលិច ក៏បានបុកក្មេងស្រីកំពុងជិះកង់ឆ្លងកាត់ផ្លូវពេញទំហឹងបណ្តាលឲ្យដួល និងបាក់កំភួនជើង ត្រូវបានសមត្ថកិច្ចនិងសាច់ញាតិដឹកយកទៅមន្ទីរពេទ្យ។ ដោយឡែកម៉ូតូនិងកង់ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីធ្វើការដោះស្រាយជាក្រោយតាមនីតិវិធី៕
ដោយ៖ សុខ ខេមរា