ខេត្តរតនគិរី៖ ជនសង្ស័យចំនួនម្នាក់ដែលពាក់ព័ន្ធក្នុងករណីឃាតកម្ម ( យកកាំបិតបង្គាក់កាប់មនុស្សបណ្ដាលឲ្យស្លាប់ ម្នាក់នឹងរបួសម្នាក់) ។
ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១២ៈ៣០ នាទីនៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៣នៅចំណុចភ្នំទឹកចេញស្ថិតក្នុងភូមិ០១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ការចុះឃាត់ខ្លួនជនសង្ស័យនោះដោយមានការសម្របសម្រួលនីតិវិធី ដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។
ប្រភពីសមត្ថកិច្ចបាន្យដឹងថាជនសង្ស័យបានធ្វើសកម្មភាពនៅ
វេលាម៉ោង០៩ៈ០៥នាទី
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នៅចំណុចភូមិឃុំខាងលើ។
បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍តាមទូរស័ព្ទថាមានករណីឃាតកម្មកម្លាំងជំនាញនៅអធិការដ្ឋាននគរបាលស្រុកកូនមុំបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរនឹងហៅជនសង្ស័យ មកសួរនាំហើយធ្វើការឃាត់ខ្លួនដើម្បីចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ញឹម សាវឿន ភេទប្រុស អាយុ៤១ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ឯជនរងគ្រោះ
ទី១. ឈ្មោះពេជ្រ ម៉ូលី ភេទប្រុសអាយុ ៥៦ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។(ស្លាប់នៅកន្លែងកើតហេតុ ) ។
ទី២. ឈ្មោះសាន់ ប៊ីស៊ី ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ន១ ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី(ត្រូវជាកូន រងរបួស ចំដៃខាងឆ្វេង )។
សម្ភារៈដកហូតបានរួមមាន
១/ កាំបិតបង្គាក់ចំនួន ១ ប្រវែង 60 cm ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា ខ្លួនពិតជាបានកាប់ជនរងគ្រោះបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។
ជនសង្ស័យបានឆ្លើយរៀបរាប់ថានៅ
វេលាម៉ោង 7:00ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានចេញពីផ្ទះមានគ្នាចំនួន ៤ នាក់ត្រូវជាកូនរបស់ខ្លួន។
ក្នុងគោលបំណងទៅកាប់ និងកាត់មែកចន្ទីពេលទៅដល់កន្លែងកើតហេតុ ខ្លួននិងកូនបានកាប់នឹងកាត់ចន្ទីធម្មតា។
រហូតដល់ម៉ោងប្រហែលជា ៨.៣០ នាទីខ្លួនបានខលទូរសព្ទទៅប្រាប់ប្រពន្ធខ្លួនថា មានគេបាញ់ថ្នាំស្មៅកន្លែងដីរបស់យើងដាំសណ្ដែកងាប់អស់ហើយ។
មួយសន្ទុះក្រោយមក ខ្លួននឹងប្រពន្ធ ក៏ដើរទៅមើលហើយក៏បានថតកន្លែងនោះ រួចក៏ដើរមកវិញ។
ខ្លួនបានស្រែកទៅសួរជនរងគ្រោះឈ្មោះ ម៉ូលី ថា ម៉េចបានបាញ់ថ្នាំសណ្ដែកសៀងខ្ញុំចោលអញ្ចឹង ម៉េចក៏មិនចាំឱ្យច្បាប់ដោះស្រាយសិន ហើយជនរងគ្រោះបាននិយាយថាអ្ហែងខ្លាំង ហ្អែងមកនេះមក ហើយខ្លួនក៏បានដើរទៅ ហើយខ្លួនក៏បានកាន់កាំបិតរបស់ខ្លួនទៅជាមួយផងដែរ។
ពេលទៅដល់ព្រំដីរបស់ខ្លួននិងព្រំដីរបស់ជនរងគ្រោះ ខ្លួនបាននិយាយថា ដីនេះខ្ញុំធ្វើបាន ២ទៅ ៣ឆ្នាំមកហើយពេលនោះជនរងគ្រោះថាអាចុយម្រាយឯង និងខ្លាំងណាស់ រួចក៏កូនរបស់ជនរងគ្រោះ មកច្រានខ្លួនចេញ ហើយក៏យកដែកសរសេសមករកកាប់ខ្លួន តែជនរងគ្រោះជាឪពុកក៏បានចាប់យកទៅទុក បន្ទាប់មកជនរងគ្រោះក៏យកសរសេសនោះកាប់មកលើខ្លួនតែខ្លួនគេចចេញផុត មិនចំទេខ្លួនក៏បានកាប់មួយកាំបិតទៅវិញចំដៃឆ្វេងរបស់ជនរងគ្រោះជាឪពុក ហើយកូនរបស់ជនរងគ្រោះបានលោតមករកវាយខ្លួនទៀត។
ហើយខ្លួនក៏បានកាប់ទៅលើកូនរបស់ជនរងគ្រោះមួយកាំបិតទៀតចំដៃឆ្វេង។
បន្ទាប់មកជនរងគ្រោះជាកូនក៏បានរត់គេចចេញទៅបាត់ទៅ។
ហើយជនរងគ្រោះត្រូវជាឪពុកក៏បានដើរចេញពីខ្លួនប្រហែលចម្ងាយ 10 ម៉ែត្រ ជនរងគ្រោះបាននិយាយថាអ្ហែងអត់រួចខ្លួនទេ ធ្វើអាញ់ប៉ុណ្ណឹងហើយ ពេលនោះខ្លួនទ្រាំមិនបានក៏រត់ទៅកាប់មួយកាំបិតទៀតតែមិនចំទេជនរងគ្រោះបានគេចផុត ហើយខ្លួនក៏កាប់ថែមមួយកាំបិតទៀតចំជនរងគ្រោះ កន្លែងក៏ខាងក្រោយហើយជនរងគ្រោះក៏បានដួលផ្កាប់មុខទៅនឹងដី ស្លាប់តែម្តង។
ជនរងគ្រោះបាន បញ្ជាក់ថាពីមុនខ្លួននិងជនរងគ្រោះធ្លាប់មានវិវាទរឿងព្រំដីជាមួយគ្នាផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕
ដោយ៖ ជីវ័ន្ត