លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប បញ្ចប់អាណត្តិការទូត ជួបសម្ដែងការគួរសម និងជម្រាបលា

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣, នៅវិមានសន្តិភាព លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ។

នៅក្នុងជំនួបនេះ លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) បាន
សម្តែងនូវការអបអរសាទរចំពោះ លោកកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ លោកជំទាវក៏បាន
សម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាមរយៈ ការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ការដាក់ចេញនូវកម្មវិធីជំនួយសង្គម ដ៏មានប្រសិទ្ធភាព, និង ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយមោទនភាព។ លោកស្រី ក៏បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ លោកកិត្តិទេសាភិបាលបណ្ឌិត។

ជាកិច្ចឆ្លើយតប, លោកកិត្តិទេសាភិបាលបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទររបស់លោកស្រី ក៏ដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប។ លោកកិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងអំពីនិរន្តរភាពនៃគោលនយោបាយនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និង យុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល, ហើយសម្រាប់អាណត្តិនេះ ឆ្ពោះទៅមុខ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិ
បាលនៅថ្នាក់មូលដ្ឋាន, និងការកែទម្រង់វិស័យមុខងារសាធារណៈ។

ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង សហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាល និង
វិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ និងចាំបាច់ក្នុងការចូលរួមកសាងនូវស័ក្ដិសិទ្ធភាព និង ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ។ លោកកិត្តិទេសាភិបាលបណ្ឌិត ក៏បានស្នើឱ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ភ្ជាប់ជាមួយនឹងការជម្រាបលា លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានគោរពជម្រាបជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថាលោកជំទាវនឹងបន្តបេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា និងពាំនាំនូវកិច្ចដំណើរបង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជា ដើម្បីចែករំលែកនៅទីនោះ ។

ជាទីបញ្ចប់ លោកកិត្តិទេសាភិបាលបណ្ឌិត បានជូនពរលោកជំទាវ សូមទទួលបានជោគជ័យក្នុងបេសកកម្មរបស់លោកជំទាវបន្តទៀតនៅថ្ងៃអនាគត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print