ជិះម៉ូតូឌុបគ្នាបញ្ច្រាស់ផ្លូវបេីកផ្លូវឱ្យឡានពេទ្យ​ អកុសលជ្រុលទៅបុករថយន្តស៊េរីទំនេីប​ បណ្ដាលឱ្យស្លាប់២នាក់​ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ យ៉ាងហោចណាស់មានយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង​ និងពីរនាក់ទៀត​ ម្នាក់ស្លាប់​ ម្នាក់របួសធ្ងន់នៅមន្ទីរពេទ្យ​ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាបេីកផ្លូវឱ្យឡានពេទ្យទាំងបញ្ច្រាស់ទិសជ្រុលទៅបុករថយន្តស៊េរីទំនេីប​ Lexus LX570 ចំពីមុខពេញទំហឹង​ បណ្ដាលឱ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ​ ។

      ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតហេតុនៅវេលាម៉ោង៩​ និង១០នាទីយប់​ ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ​២០២៣​ នៅចំណុចមុខរោងចក្រផលិតទឹកស្អាត​និរោធ​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ 

    សពជនរងគ្រោះទាំងពីរនាក់ខាងលេីនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុនោះ​ គេឃេីញយុវជនមួយក្រុម​មានគ្នា៦នាក់​បានជិះម៉ូតូពីរគ្រឿង​ឌុបគ្នា ដោយម៉ូតូមួយគ្រឿងជិះគ្នា៣នាក់​ បានជិះបេីកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅបញ្ច្រាស់ចរាចរណ៍ពីលិចមកកេីតក្នុងល្បឿនលឿន​ តែមិនប្រយ័ត្នដោយម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ព្រៃវែង​ 1O-9436 ជិះឌុបគ្នា៣នាក់បានបុករថយន្តស៊េរីទំនេីប​ម៉ាក​ Lexus LX570 ពណ៌ស​ ពាក់ផ្លាក​លេខ​ កម្ពុជា​ LY-SOKHA ដែលកំពុងធ្វេីដំណេីរស្របទិសចរាចរណ៍​ ចំពីមុខយ៉ាងពេញទំហឹង​ បណ្ដាលឱ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ​ ។ រីឯយុវជន៣នាក់ភាគីខាងម៉ូតូបានដួលបោកក្បាល​ បណ្ដាលឱ្យស្លាប់ម្នាក់ភ្លាមៗ​នៅនិងកន្លែង​ និងពីរនាក់ទៀត​ មានម្នាក់បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ​ និងម្នាក់ទៀតរងរបួសធ្ងន់​ ។ 

    ក្រោយមក ម្ចាស់រថយន្ត Lexus LX 570​បានចុះពីរថយន្តចេញពីកន្លែងកេីតហេតុបន្សល់រថយន្តចោល​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបណ្ដោះអាសន្នរង់ចាំដោះស្រាយនាពេលក្រោយ​ ។ ចំណែកសពជរងគ្រោះ​ទាំងពីរនាក់​ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វេីកំណត់ហេតុ​ និងស្រាវជ្រាវទាក់ទងរកសាច់ញាតិមកទទួលធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print