ផឹកស្រាជាមួយគ្នាតាំងពីព្រឹកទល់ល្ងាចទាស់ពាក្យសម្ដីគ្នាពីរឿងចេញលុយកាប់គ្នារបួសយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តកណ្ដាល: បុរសម្នាក់ត្រូវបានបុរសម្នាក់ទៀតជាគូទំនាស់របស់ខ្លួនយកកាំបិតខ្វែវកាប់ពីរកាំបិតបណ្ដាលឱ្យរងរបួសយ៉ាងដំណំ បន្ទាប់ពីផឹកស្រាជាមួយគ្នាតាំងពីព្រឹករហូតដល់ល្ងាច ដោយសារទាស់ពាក្យសម្ដីគ្នាពីរឿងចេញលុយថ្លៃស្រា។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ផល សុភា ក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សែន ផាត ហៅមករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅសព្វថ្ងៃភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល រងរបួសចំពីលើក្បាលចំនួន០១កន្លែង និងកដៃខាងស្ដាំចំនួន០១កន្លែង។ ចំណែកជនសង្ស័យឈ្មោះ ហួត ចាន់ឌី ហៅច្រូច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ វត្ថុតាងចាប់យក ១.កាំបិតខ្វែវអត់ដងចំនួន០១។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៨ព្រឹក ជនសង្ស័យបានជិះកង់ចេញពីផ្ទះរបស់ខ្លួននៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ក្នុងគោលបំណងទៅរកឈ្មោះ រស់ នៅភូមិវត្តចាស់ ជាអ្នករកត្រីជាមួយគ្នា។ ពេលទៅដល់មិនបានជួបឈ្មោះរស់ទេ តែបានជួបបក្សពួកបីទៅបួននាក់ រួចក៏នាំគ្នាទិញស្រាផឹករហូតដល់ម៉ោង៦ល្ងាចថ្ងៃខែឆ្នាំដដែល ជនសង្ស័យនិងជនរងគ្រោះក៏បានទាស់ពាក្យសម្ដីគ្នាដោយសារតែរឿងចេញលុយថ្លៃស្រា រហូតឈានដល់ជនសង្ស័យយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិតបណ្ដាលជនរងគ្រោះរងរបួសយ៉ាងដំណំ ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print