ភ្នំពេញ : អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានសេចក្តីសោមនស្សរីករាយ សូមបញ្ជាក់ជូនសាធារណជន បានជ្រាបច្បាស់ចំពោះអនុសាសន៍របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញ “ ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត» នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ជូន លោកអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្ដីការក្រសួង មហាផ្ទៃ ។ ក្រោយពីការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ លោកអភិសន្តិបណ្ឌិត បានធ្វើឱ្យមតិសាធារណៈមានការយល់ច្រឡំ និងសម្ដែងទស្សនៈផ្សេងៗ។ អាស្រ័យហេតុនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូននូវស្មារតី និងហេតុផលនៃអនុសាសន៍ ដូចតទៅ ៖
១. សិក្សាសម្រាប់អនាគត ៖ ជាស្មារតីអនុសាសន៍របស់ លោកអភិសន្តិបណ្ឌិត ទី១ លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផល ដែលទទួលបានពីការអនុវត្តនោះ ។
ទី២ ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺ ប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ចូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើប័ណ្ណបើកបរ ។
ទី៣ ជារួម ពុំមែនជាលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់ពី“60CC»ឡើង គឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណ បើកបរនោះទេ ពោលគឺ ត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរ ដូចជា ប្រភេទ ក, ខ, ..ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង ។
២. ហេតុផលនៃអនុសាសន៍ ៖ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងយ៉ាងច្បាស់ៗប្រកបដោយការព្រួយបារម្ភថា មិនទាន់ស្តេច ឆ្នាំ២០២៣ផង ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង១១០០នាក់ទៅហើយ ធៀបនឹងចំនួនប្រជាពលរដ្ឋទាំងមូលប្រមាណ១៧លាននាក់។ ដូច្នេះ ទំរាំដាច់ឆ្នាំ០១អាចនឹង កើនឡើងច្រើនជាងនេះក៏ថាបាន បើពុំមានវិធានការគត់មត់។ ទោះជាចំនួនអ្នករពោនឲ្យចុះមែន ប៉ុន្តែក្នុងល្បឿនមួយដែលមិនទាន់សម្រេចបានតាមគោលដៅរបស់ក្រសួងនៅឡើយ។ ចំណែក ឯ ចំនួនអ្នកប្រើប្រាស់ម៉ូតូកើនឡើងជាប្រចាំ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រសួងសាធារណ ការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងមួយថ្ងៃៗក្រសួងធ្វើផ្លាកលេខម៉ូតូជូនម្ចាស់កម្មសិទ្ធិជាង ១០០០គ្រឿងគិតជាលេខមូល។ បើប្រៀបធៀបនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯប្រទេសបារាំង គឺមានអ្នកស្លាប់តែជាង៨០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ លើប្រជាជនប្រមាណ៦៨លាននាក់។ ជា ផែនការ លោកអភិសន្តិបណ្ឌិត មានទស្សនវិស័យ «កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅចំនួនមួយទាបបំផុតនាថ្ងៃអនាគត”។
៣. ក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ លោកអភិសន្តិបណ្ឌិត ក៏បាន ជំរុញដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្តាស្នងការដ្ឋាននគរបាលរាជធានីខេត្ត សហការជាមួយ តួអង្គពាក់ព័ន្ធនានា បង្កើតយន្តការបណ្តុះបណ្តាល ផ្សព្វផ្សាយអប់រំ ឱ្យបានទូលំទូលាយអំពីច្បាប់ ចរាចរណ៍ បច្ចេកទេសបើកបរ និងក្រមសីលធម៌បើកបរជាដើម ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់ប្រភេទ ក្នុងចេតនាបង្ការទប់ស្កាត់កាត់បន្ថយអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផង និងពង្រឹង សណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវផង។
ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ម្តងហើយម្តងទៀតថា អនុសាសន៍របស់ លោកអភិសន្តិបណ្ឌិត គឺជា«ផែនការសម្រាប់អនាគត ដោយចាប់ផ្តើមគិតគូរពីថ្ងៃនេះទៅ និង ជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយ និងបាត់ បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែប៉ុណ្ណោះ។ ពោលគឺ ពុំ ទាន់មានការកំណត់កាលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ។ សំណួរសួរថា តើចង់បណ្តោយឱ្យប្រជា- ពលរដ្ឋស្លាប់ក្នុងមួយឆ្នាំៗប្រមាណ២០០០នាក់ ឬយ៉ាងណា? ប្រសិនបើមិនចង់ទេ លុះត្រាតែរួមគិតរិះ រកគ្រប់យន្តការដើម្បីទប់ស្កាត់ពីឥឡូវនេះតទៅ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណចំពោះអង្គភាពសារព័ត៌មាន និងសាធារណជន ដែលតែងតែគាំទ្រ និងតាមដានចាប់អារម្មណ៍រាល់ការដឹកនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកកំពុងមមាញឹកជាមួយ ថ្នាក់ដឹកនាំក្រសួង ធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្ដិសិទ្ធិភាព ជាឧត្តមប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ក្រោមមគ្គទេសក៍របស់ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕
ដោយ : សិលា