ព័ត៌មាន AFP នៅថ្ងៃពុធទី៣០ ខែសីហា ឆ្នាំ២០២៣បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃពុធនេះថា មនុស្ស៤នាក់បានបាត់បង់ជីវិតនិងរាប់សិបនាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះភ្លៀងបានវាយលុកលើតំបន់ភាគនិរតីនៃប្រទេសចិន កាលពីសប្តាហ៍មុន។
ការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លាបានកើតមានលើជីនយ៉ាង (Jinyang) ដែលជាស្រុកតំបន់ភ្នំមួយស្ថិតក្នុងខេត្តស៉ីឈាន់ (Sichuan) កាលពីថ្ងៃទី២១ ខែសីហា។ យ៉ាងណាមិញ ទំហំនៃការខូចខាតដែលបង្កឡើងដោយសារព្យុះភ្លៀងនោះមិនទាន់ត្រូវបានរាយការណ៍នៅឡើយទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន CCTV គ្រោះទឹកជំនន់បានជន់លិច កន្លែងកែច្នៃដែកថែបមួយកន្លែង ដែលមានមនុស្សសរុបជាង២០០នាក់ធ្វើការ។ CCTV បានអះអាងថា គិតមកទល់ពេលនេះ ទឺកជំនន់បានសម្លាប់មនុស្ស៤នាក់ និងធ្វើឱ្យ៤៨នាក់ទៀតបាត់ខ្លួន។
ប៉ុន្មានខែចុងក្រោយនេះ ប្រទេសចិនបានជួបប្រទះគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ដែលបង្កឡើងដោយអាកាសធាតុអាក្រក់ៗ។ មនុស្សយ៉ាងហោចណាស់៧៨នាក់ បានស្លាប់នៅពេលដែលព្យុះទីហ្វុងឈ្មោះ Doksuri បាននាំមកនូវការធ្លាក់ភ្លៀងខ្លាំងបំបែកកំណត់ត្រានៅពាសពេញភាគខាងជើងប្រទេសចិន កាលពីខែកក្កដា។ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា បញ្ហាប្រែប្រួលអាកាសធាតុបាននិងកំពុងជំរុញឱ្យគ្រោះធម្មជាតិនៅទូទាំងពិភពលោកកើតមានកាន់តែញឹកញាប់និងកាចសាហាវខ្លាំងឡើង៕ ដោយធីរីណា
រូបថត: TTXVN-VNA