ភ្នំពេញ៖ កម្មករកម្មការីប្រមាណជាង ២០នាក់នៃសិប្បកម្មកាត់ដេរសម្លៀកបំពាក់ យីហោ «លីដា» បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុពិតប្រាកដ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ មានទីតាំងស្ថិតតាមបណ្តោយផ្លូវប៉េតុង ស្ថិតក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ក្រោយទទួលបានដំណឹងពីការដួលសន្លប់នេះភ្លាម កម្លាំងអាជ្ញាធរបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងជួយលើកជនរងគ្រោះដែលដួលសន្លប់ដឹកតាមរ៉ឺម៉កបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្ដង។
លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យបានឲ្យដឹងថា អាជ្ញាធរនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយទេថាផ្តើមចេញពីកត្តាអ្វីដែលនាំឲ្យកម្មករកម្មការីក្នុងរោងចក្រត្រូវដួលសន្លប់ជាបន្តបន្ទាប់បែបនេះ ខណៈពេលនេះក្រុមសមត្ថកិច្ចជំនាញកំពុងចុះដល់ទីតាំងកើតហេតុខាងលើដើម្បីស្រាវជ្រាវរុករកមូលហេតុ ។
យ៉ាងណាមិញគិតមកត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនេះ អាជ្ញាធរបានស្នើឲ្យម្ចាស់ទីតាំងផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិនដោយឲ្យកម្មករកម្មការីដែលនៅសេសសល់ឈប់សម្រាកមួយថ្ងៃសិន ដោយត្រូវត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ ៕
ដោយ៖ តាឡឹម