អាជ្ញាធរខេត្តកំពង់ឆ្នាំង​ បន្តចុះបង្រ្កាប​និងទប់ស្កាត់បទល្មើសនេសាទនៅរដូវបិទនេសាទនៅស្រុកកំពង់លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះថា​ ដើម្បីជុំវិញការចុះបង្ក្រាប និងទប់ស្កាត់សកម្មភាពបទល្មើសនេសាទនៅក្នុងមូលដ្ឋានស្រុកកំពង់លែង លោកបានបើកប្រតិបត្តិការចុះទប់ស្កាត់ និងធ្វើការកាប់បំផ្លិចបំផ្លាញចោលបករណ៍នេសាទល្មើសច្បាប់ស្ទើរជារៀងរាល់ថ្ងៃ។

លោកអភិបាលស្រុករូបនេះ​ បន្តថា​ ជាក់ស្ដែង​នៅក្នុងអំឡុងខេត្តសីហានេះ គណៈបញ្ជាការឯកភាពតាមបណ្ដាស្រុកមួយចំនួនជាប់បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង បាននិងកំពុងសម្រុកធ្វើសកម្មភាពយ៉ាងមមាញឹកក្នុងការរុះរើ និងកាប់បំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់ ពិសេសគឺឧបករណ៍នេសាទរបាំងស្បៃមុង ដែលក្រុមជនខិលខូចមួយចំនួនបានដាក់ចាប់ត្រីនៅក្នុងរដូវបិទនេសាទនេះ ដើម្បីរំដោះពូជកូនមច្ឆាជាតិ។

អភិបាលស្រុកកំពង់លែង បានឱ្យដឹងទៀតថា​ បច្ចុប្បន្ននេះសកម្មភាព បទល្មើសនេសាទនៅក្នុងស្រុកកំពង់លែង គឺលោកទទួលស្គាល់ថាពិតជាកើតមានប្រាកដមែន។ ក៏ប៉ុន្តែទន្ទឹមនោះលោកក៏មិននៅស្ងៀមនោះដែរ ដោយលោកបានចាត់ក្រុមការងារមានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានសហគមន៍នេសាទចុះធ្វើការងារនេះស្ទើរជារៀងរាល់ថ្ងៃផងដែរ។

លោកបន្ថែមថា នៅក្នុងរដូវបើកនេសាទខាងមុខនេះលោកសូមណូមពរដល់ប្រជានេសាទទាំងអស់ត្រូវធ្វើការនេសាទទៅតាមការណែនាំរបស់មន្ត្រីជំនាញ ឬទៅតាមច្បាប់ស្ដីពីជលផលឱ្យបានដាច់ខាត ចៀសវាងការប្រើឧបករណ៍ល្មើសច្បាប់ដែលច្បាប់មិនអនុញ្ញាត។ ករណីនៅតែមានការប្រើឧបករណ៍ខុសច្បាប់ទៀតនោះលោកនឹងអនុវត្តទៅតាមនីតិវិធីជាដាច់ខាតដោយមិនមានការយោគយល់នោះឡើយ។

លោកបន្តថា នៅឆ្នាំ២០២៣នេះ ចំពោះការនេសាទដោយប្រើឧបករណ៍ដាក់របាំងរាំងព្រួលភ្ជិតព្រែក លោកនឹងមិនអនុញ្ញាតឱ្យទៀតឡើយ។ បើទោះជាសហគមន៍នេសាទឱ្យលោកធ្វើសំណើសុំច្បាប់អនុញ្ញាត ពីរដ្ឋមន្ត្រីក្រសួងកសិកម្មក៏ដោយក៏លោកនឹងមិនស្នើសុំទៀតនោះទេ ដោយសារការនេសាទប្រភេទដាក់របាំងព្រួលភ្ជិតព្រែកនេះជួបបញ្ហាមិនចេះចប់កន្លងមក។

សូមជម្រាបថា​ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគីរី សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កាលពីម្សិលមិញនេះ​ បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅចំណុចក្រោយភូមិក្បាលកន្លង់ និងក្រោយភូមិអន្លង់ត្រី ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុកជលគិរី កម្លាំងចំនួន ២០នាក់ មធ្យោបាយបាឡាស្មាច់ចំនួន ០៥គ្រឿង ជាលទ្ធផល ៖ រុះរើរបាំងស្បៃមុងបានចំនួន ១៥កន្លែង ប្រវែង៧៥០ម៉ែត្រ, លបលូស្បៃមុងចំនួន ១៥លប, បង្គោលសរុបចំនួន ៣៥០ដើម, ចាក់លែងកូនត្រីចម្រុះចូលទន្លេវិញចំនួន ២០០គីឡូក្រាម។​ ចំណែក​សម្ភារៈខាងលេីត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print