សមត្ថកិច្ចកំពុងស្រាវជ្រាវក្រុមក្មេងទំនើងអុកឡុកក្រុងប៉ោយប៉ែតមួយក្រុមជិះម៉ូតូធាក់ម៉ូតូមួយគ្រឿងទៀតរូចកាប់បំផ្លាញបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍អូរជ្រៅកំពុងស្រាវជ្រាវរកមុខក្មេងទំនើង១ក្រុមប្រមាណពី៥ ទៅ៦នាក់បានធាក់ម៉ូតូជនរងគ្រោះមួយគ្រឿងហើយកាប់បំផ្លាញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ប្រជាពលរដ្ឋបានប្រាប់ថា៖ នៅពេលក្មេងទំនើង១ក្រុមកាប់ទៅលើជនរងគ្រោះ គឺមានយុវជន២នាក់បានជិះម៉ូតូតាមផ្លូវជិតមន្ទីរពេទ្យនគររាជនៅពេលយប់ស្រាប់តែមានក្មេង១ក្រុមទៀតជិះម៉ូតូ៣គ្រឿងមានគ្នា៥ទៅ៦នាក់ប្រដាប់ដោយកាំបិតបានធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលហើយកាប់ទៅលើជនរងគ្រោះតែជនរងគ្រោះគេចផុតក៏នាំគ្នាកាប់បំផ្លាញម៉ូតូទាំងសើចក្អាកក្អាយហ៊ោកញ្ជ្រៀវពេញផ្លូវ បន្ទាប់មកជិះម៉ូតូគេចបាត់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ វាពិតជាឃោរឃៅពេកណាស់ គ្រាន់តែគ្នាជិះម៉ូតូតាមផ្លូវសុខៗសោះត្រូវបានក្មេងស្ទាវ១ក្រុមនាំគ្នាធាក់បណ្តាលឱ្យដួលហើយកាប់ម៉ូតូចោលលេង ពិតជាអនាធិបតេយ្យពេកហើយ។នៅពេលដែលក្មេងទំនើងកាប់ទៅលើជនរងគ្រោះពួកគាត់ដែលកំពុងអង្គុយហូបអាហារក្នុងហាងភ័យស្លន់ស្លោព្រោះវាប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់ភូមិឃុំគ្មានសុវត្ថិភាព។

ប្រជាពលរដ្ឋសំណូមពរដល់ស្ថាប័នមានសមត្តកិច្ចដូចជា នគរបាល កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតគួរតែមានវិធានការបង្ក្រាបក្មេងទំនើងដែលកាប់ទៅលើជនរងគ្រោះដើម្បីចាត់ការតាមច្បាប់ មិនត្រូវទុកអោយក្រុមបាតសង្គមនេះដើរបង្កអសន្តិសុខធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្មនិងភ័យខ្លាចព្រោះតែក្រុមទំនើងនេះដើរកាប់គេឯងនោះទេ។

...

មន្ត្រីនគរបាលប៉ុស្តិ៍អូរជ្រៅបានប្រាប់ថា៖ ចំពោះក្មេងទំនើងដែលធាក់ម៉ូតូជនរងគ្រោះហើយកាប់ម្ចាស់មិនបានសម្រេចរួចកាប់បំផ្លាញម៉ូតូនោះ កម្លាំងជំនាញបានកំណត់មុខសញ្ញារួចហើយៗនឹងធ្វើស្រាវជ្រាវចាប់ខ្លួនអោយបានឆាប់ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print