ខេត្តកណ្តាល : លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល ខិតខំថែរក្សាសុខសន្តិភាព និងស្វែងរកការងារជូនប្រជាពលរដ្ឋដើម្បីជាផលប្រយោជន៍របស់ប្រជាជន។
លោកបណ្ឌិត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាលប្រមាណជិត២ម៉ឺននាក់ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។
លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏កំពុងខិតខំប្រឹងប្រែងធ្វើឱ្យជាតិយើងខ្លាំង តាមរយៈការធ្វើឱ្យប្រជាពលរដ្ឋខ្លាំង ដូច្នេះការដឹកនាំ និងការពង្រឹងប្រជាជន គឺជារឿងចាំបាច់។
លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់កម្មករ និយោជិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារ បង្កើនសមត្ថភាពការងារ កសាងភូមិឃុំយើងទាំងអស់គ្នា ដែលទាំងអស់នេះហើយ គឺជាការស្នេហាជាតិរបស់យើង ។
លោកបណ្ឌិតក៏បានគូសបញ្ជាក់យ៉ាងដូច្នេះផងដែរថា : «គោលការណ៍មួយរបស់រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្ត នឹងបន្តបង្កើននូវប្រាក់បៀវត្សអប្បបរមារបស់កម្មករ និយោជិត ក៏ដូចជាបៀវត្សរបស់មន្រ្តីរាជការទៅតាមលទ្ធភាពថវិកា ដែលយើងអាចធ្វើទៅបាន។ ពិតណាស់យើង មិនអាចធានា គុណម្តងមួយជាពីរទេ ប៉ុន្តែយើងនឹងធានា សូម្បីតែកូវីដក៏យើងត្រូវតែធានា»។
លោកបណ្ឌិតបន្តថា ទន្ទឹមនឹងការគិតគូរពីការផ្តល់ប្រាក់បៀវត្សសមរម្យ ក៏ត្រូវគិតគូរពីការពង្រឹងគុណភាពការងារ និងការផលិតឱ្យកាន់តែល្អជាមុនផងដែរ។
ឯកឧត្តមបណ្ឌិតបន្តថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ខណៈបច្ចុប្បន្ននេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចពិភាក្សាចំនួន២លើកមកហើយ ដើម្បីចរចាដំឡើងប្រាក់ឈ្នួលដល់កម្មករ នយោជិតបន្ថែមទៀត។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ត្រូវពិភាក្សាគ្នាយ៉ាងណាដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែដំឡើងជូនពួកគាត់ ឱ្យបានមុនពេលឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕
ដោយ : សិលា