ខេត្តតាកែវ÷ សមត្ថកិច្ចខេត្តតាកែវ កំពុងធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ជុំវិញករណីជនមិនស្គាល់អត្តសញ្ញាណគប់ដុំថ្ម រថយន្តបណ្ដាលឱ្យរងបួសបុរសម្នាក់នៅភូមិសាស្រ្តឃុំខ្វាវ ស្រុកសំរោង។
យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៣នេះថា តាមការណែនាំរបស់ លោកឧត្តម សេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានណែនាំដល់សមត្ថកិច្ចនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវចុះស្រាវជ្រាវបន្ទាន់ ជុំវិញករណីជនមិនស្គាល់អត្ត សញ្ញាណបានគប់ដុំថ្ម មកលើរថយន្តអ្នកធ្វើដំណើរ បណ្ដាលឱ្យរងរបួស កាលពីយប់ថ្ងៃទី០១ ខែកញ្ញា ស្ថិតនៅភូមិសាស្រ្តផ្លូវជាតិលេខ៣ ស្ថិតនៅឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យស្នងការនគរបាលខេត្ត បានលើកឡើងថា ករណីគប់នេះដែរ គឺបានកើត ឡើងនៅបណ្ដាយផ្លូវជាតិលេខ៣ ដោយជនមិនស្គាល់អត្តសញ្ញាណ បានគប់ចេញមកពីខាងលិចផ្លូវជាតិលេខ ៣ ស្ថិតនៅភូមិសាស្រ្តខេត្តកំពង់ស្ពឺ ត្រង់ចំណុចគីឡូ ម៉ែត្រលេខ៥៣ បណ្ដាលឱ្យត្រូវរថយន្ត១គ្រឿង ដែលធ្វើដំណើរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ខាង កើតផ្លូវជាតិលេខ៣ ស្ថិតនៅភូមិសាស្រ្តឃុំខ្វាវ ស្រុកសំរោង បណ្ដាលឱ្យបែកកញ្ចាក់រថយន្ត និងអ្នកបើកបររងរបួសបែកក្បាល ។
លោកឧត្តមសេនីយត្រី សៅ សារុន បានបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធ ដឹកនាំចុះធ្វើការស្រាវជ្រាវដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងសមត្ថកិច្ច ស្រុកសំរោង និងស្រុកបាទី កំពុងដុតដៃដុត ជើង យ៉ាងសស្រាក់សស្រាំស្រាវជ្រាវ ដើម្បីឈានទៅកំណត់មុខសញ្ញា ជនដៃដល់ដែលបានដុំថ្ម គប់មកលើអ្នកដំណើរ តាមដងផ្លូវសាធារណៈ យកមកផន្តន្ទាទោសឱ្យខាងតែបាន ៕ដោយ៖សុរិយា