សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា រូបលោកផ្ទាល់រំពឹងថាអាចនឹងបានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងពេលឆាប់ៗ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រមុខវិមានក្រឹមឡាំងរូបនេះមានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅខែតុលាខាងមុខ។
រុស្ស៉ីបាននិងកំពុងបង្កើនការបោះដៃទៅរកចិនកាន់តែខ្លាំងឡើង ចាប់តាំងពីមានទំនាក់ទំនងល្អក់កករជាមួយលោកខាងលិចតាំងពីឆ្នាំ២០២២មក ដោយសារតែការសម្រេចចិត្តបើកការឈ្លានពានប្រឆាំងអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស។ ចិនមិនបានថ្កោលទោសទីក្រុងមូស្គូ ចំពោះសង្រ្គាមនេះនោះទេ ហើយម្ដងម្កាលថែមទាំងបានថ្កោលទោសទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៉ីទៀតផង ខណៈដែលកំពុងទាញយកប្រយោជន៍ពីការទិញប្រេងក្នុងតម្លៃថោកពីទីក្រុងមូស្គូ។
កាលពីខែកក្កដាកន្លងទៅ ទីប្រឹក្សាគោលនយោបាយការបរទេសនៃវិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ (Yury Ushakov) បានឱ្យដឹងថា លោកពូទីន មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅខែតុលាខាងមុខ តបតាមការអញ្ជើញរបស់លោក ស៊ី ជិនពីង អំឡុងលោកប្រធានាធិបតីចិនបំពេញទស្សនកិច្ចនៅរុស្ស៉ីកាលពីខែមីនា។ ជាថ្មីម្ដងទៀត នៅថ្ងៃសុក្រទី១ ខែកញ្ញានេះ លោកពូទីនផ្ទាល់បានបញ្ជាក់ក្នុងសុន្ទរកថាមួយតាមកញ្ចក់ ទូរទស្សន៍ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិន។
«ក្នុងពេលឆាប់ៗ យើងនឹងមានព្រឹត្តិការណ៍ជាច្រើន ហើយនៅទីនោះនឹងមានជំនួបមួយជាមួយលោកប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន»។ នេះជាការបញ្ជាក់របស់លោកពូទីនដែលត្រូវបានដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានរុស្ស៉ី Interfax។ លោកពូទីន បន្ថែមថាលោក ស៊ី ជិនពីង បានហៅរូបលោកថាជាមិត្ត ហើយលោកក៏សប្បាយចិត្តក្នុងការហៅលោក ស៊ី ជិនពីងជាមិត្តវិញផងដែរ ពីព្រោះលោក ស៊ី គឺជាមនុស្សម្នាក់ដែលបានធ្វើកិច្ចការងារជាច្រើនដើម្បីអភិវឌ្ឍទំនាក់ទំនងរុស្ស៉ី-ចិន។
កាលពីសប្ដាហ៍មុន លោក ពូទីន បានចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS រៀបចំឡើងក្នុងប្រទេសអាហ្វ្រិកខាងត្បូង តាមប្រព័ន្ធអនឡាញ ដោយបញ្ជូនរដ្ឋមន្ត្រីការបរទេសរុស្ស៉ីឱ្យចូលរួមកិច្ចប្រជុំជំនួសរូបលោក ខណៈដែលរូបលោកផ្ទាល់កំពុងប្រឈមមុខនឹងដីកាចាប់ខ្លួនចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន៕ ដោយធីរីណា
រូបថត: RIA NOVOSTI