សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣ បានដកស្រង់ព្រឹត្តិប័ត្ររបស់រាជវាំងថៃ Royal Gazette ដែលបានបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះបាទ មហា វជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានចេញព្រះរាជក្រឹត្យអនុម័តទទួលស្គាល់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មីរបស់ថៃ ដោយក្នុងនោះមានលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីនិងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរ។
ប្រទេសថៃត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះគឺលោក ប្រាយុទ្ធ ចាន់អូចា ចាប់តាំងពីខែមីនា និងក្រោយគណបក្ស Move Forward ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែឧសភាមក។ ប៉ុន្តែគណបក្ស Move Forward បានទទួលបរាជ័យក្នុងការបង្កើតរដ្ឋាភិបាល រហូតដល់ដើមខែសីហាកន្លងទៅនេះទើបគណបក្សភឿថៃ ទទួលបានជោគជ័យក្នុងការបង្កើតរដ្ឋាបាលថ្មី ក្រោមកិច្ចសហការជាមួយគណបក្សដែលគាំទ្រដោយយោធាថៃ។
នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីនេះ គណបក្សភឿថៃ នឹងគ្រប់គ្រងក្រសួងមួយចំនួនដូចជាក្រសួងសេដ្ឋកិច្ច ការពារជាតិ ដឹកជញ្ជូន ពាណិជ្ជកម្ម សុខាភិបាល និងក្រសួងការបរទេស ខណៈដែលគណបក្សជាដៃគូក្រុមចម្រុះធំទី២ គឺភូមិចៃថៃនឹងគ្រប់គ្រងក្រសួងដូចជាក្រសួងអប់រំ មហាផ្ទៃ និងក្រសួងការងារ។ ចំណែកគណបក្សអភិរក្សនិយមដែលគាំទ្រដោយយោធាស្ថិតក្នុងក្រុមចម្រុះរបស់ភឿថៃដែរនោះ នឹងដឹកនាំក្រសួងថាមពលនិងបរិស្ថាន។ គណៈរដ្ឋមន្ត្រីដឹកនាំដោយ លោក Srettha Thavisin មានសមាជិកចំនួន៣៤រូប៕ ដោយធីរីណា
រូបថត: TTXVN-VNA