ក្រសួងធនធានទឹក៖ គិតមកដល់ថ្ងៃទី០១ ខែកញ្ញា ផ្ទៃដីបង្កបង្កើនផលស្រូវវស្សាទូទាំងខេត្តកំពង់ធំ ពុំមានបញ្ហាប្រឈមនឹងកង្វះខាតទឹកទៀតទេ

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បានឱ្យដឹងនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះងា លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តកំពង់ធំ ព្រះវិហារ និងខេត្តសៀមរាប រួមជាមួយសហការី និងលោកប្រធានមន្ទីរ កាលពីម្សិលមិញនេះ​បានចុះពិនិត្យស្ថានភាពទឹកសម្រាប់បង្កបង្កើនផលស្រូវវស្សានៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

បើតាមលោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ ខេត្តកំពង់ធំបានធ្វើការដាំដុះស្រូវបង្កើនរដូវ និងស្រូវវស្សាសរុបចំនួន ២០១ ៧២០ហិកតា។ ក្នុងនោះស្រូវបង្កើនរដូវចំនួនប្រមាណ ៤៥ ២៧៦ហិកតា ត្រូវបានបងប្អូនប្រជាកសិករធ្វើការច្រូតកាត់ប្រមូលផលរួចរាល់អស់ហើយ។ ដោយឡែកចំពោះស្រូវវស្សាចំនួន ១៥៦ ៤៤៤ហិកតា បាននិងកំពុងលូតលាស់យ៉ាងល្អ ជាមួយនឹងការផ្ដល់ទឹកគ្រប់គ្រាន់ ។

លោកប្រធានមន្ទីរ​ ក៏បានឱ្យដឹងថា កន្លងមកនៅក្នុងខេត្តកំពង់ធំ មានផ្ទៃដីស្រូវវស្សាប្រមាណ ១.៤០០ ហិកតា ស្ថិតនៅក្នុងស្រុកស្ទោងប្រឈមនឹងកង្វះខាតទឹក ប៉ុន្តែមន្ទីរបានជួយអន្តរាគមន៍ភ្លាមៗ ដោយបានទម្លាក់ទឹកពីអាងទឹក ៣០កញ្ញា ទៅកាន់ដីស្រែដែលមានការប្រឈមនោះ ។

លោកបានបញ្ជាក់ថា គិតមកដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ផ្ទៃដីបង្កបង្កើនផលស្រូវវស្សាទូទាំងខេត្តកំពង់ធំ ពុំមានបញ្ហាប្រឈមនឹងកង្វះខាតទឹកទៀតទេ។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាកសិករបានទាន់ពេលវេលា។

...

បន្ថែម​ពី​នេះ​ លោករដ្ឋលេខាធិការ​ ក៏បានផ្ដាំផ្ញើបន្ថែមដល់លោកប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំត្រូវបន្តយកចិត្តទុកដាក់ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងត្រៀមលក្ខណៈឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះកត្តាគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនាពេលខាងមុខ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print