ខេត្តពោធិ៍សាត់៖ បើស្រវឹងកុំបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតខ្លួនឯងនិងជីវិតអ្នកដទៃ! សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
មានបុរសម្នាក់បើកបររថយន្តក្រោមឥទ្ធិពលគ្រឿងញៀនបានបុករះរបាំងថ្មចែកទ្រូងផ្លូវជាតិលេខ៥ ប្រវែងជាង ២០០ម៉ែត្រ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយជាប្រភេទរថយន្តធុនធំដឹកទំនិញងាយបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ដល់អ្នកដទៃ ។
សូមបញ្ជាក់ថា ៖ បុរសម្នាក់បើកបររថយន្ត១គ្រឿងម៉ាកហ៊ីណូ ស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន បានបុករះរបាំងថ្មពុះចែកទ្រូងផ្លូវជាតិលេខ៥ ដែលទើបស្ថាបនារួចប្រវែង២១៦ម៉ែត្រ ត្រូវបានរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនាវេលាម៉ោង៥ៈ៤៥នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចមុខរោងចក្រលៀនហ្វាស្នាមព្រះ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩០-១៩១ ស្ថិតក្នុងភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកានខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារព័ត៌មានយើងឱ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើកបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហ៊ីណូ ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-6074 សណ្តោងរ៉ឺម៉កពីក្រោយ ពណ៌ខៀវ ពាក់ផ្លាកលេខរុឺម៉ក ស្ទឹងត្រែង 4A-0006 បានបើកមកពីទិសខាងលិចទៅទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតរថយន្តទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវជាតិលេខ៥ ហើយម្ចាស់រថយន្តមានចេតនាបើករថយន្ត រត់គេចចេញពីកន្លែងកើតហេតុ បណ្ដាលឱ្យខូចខាតរបាំងទ្រូងផ្លូវអស់ប្រវែង ២១៦ម៉ែត្រ។
ប្រភពបានបន្តថា អ្នកបើករថយន្ត មានឈ្មោះ យឿង វីរៈ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង លេខទូរស័ព្ទ 096 522 1813 មិនរងរបួសទេ និងមានអ្នករួមដំណើរជាមួយ ១នាក់ ឈ្មោះ ឆេត ឆៃយ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិនរា ឃុំតាកុក ស្រុកសង្កែ ខេត្តបាត់ដំបង (មិនរងរបួសឡើយ)។
ជុំវិញករណីនេះ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមទៅលើអ្នកបើកបរឃើញថាអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន។
បច្ចុប្បន្នអ្នកបើកបរនិងរថយន្ត១គ្រឿង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានគាំទ្រចំពោះចំណាត់ការសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ដែលបានឃាត់ខ្លួនអ្នកបើកបរក្នុងស្ថានភាពស្រវឹង ពីព្រោះថា ពួកគេអាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃធ្ងន់ធ្ងរ ដូច្នេះសូមឱ្យថៅកែម្ចាស់ក្រុមហ៊ុន មេត្តាត្រួតពិនិត្យចំពោះអ្នកបើកបររថយន្តរបស់ខ្លួនផង ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា ៕ ដោយ : សហការី