ប្រទេសឥណ្ឌូនេស៊ី : នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទីល្ងាច, នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ លោក លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី ។
ជាកិច្ចចាប់ផ្ដើម, លោក លី សៀនលុង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចមហាបវរធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង បានរំលឹកប្រកបដោយមនោសញ្ចេតនា អំពីពេលចុងក្រោយដែល ឯកឧត្តម បានជួបសម្តេចមហាបវរធិបតី កាលពីឆ្នាំ២០១៨ ។
ជាកិច្ចឆ្លើយតប, សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរនេះ ក៏ដូចជាការដែលសិង្ហបុរីជាប្រទេសទី១ ដែលបានផ្ញើលិខិតអបអរសាទរជូនចំពោះ សម្តេចមហាបវរធិបតី ។ ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី បានបង្ហាញនូវសេចក្ដីរីករាយចំពោះទំនាក់ទំនងដ៏យូរអង្វែង និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ, ជាពិសេស វិស័យការពារជាតិ និង វិស័យអប់រំ ដែលសិង្ហបុរីតែងបានផ្តល់នូវជំនួយបច្ចេកទេស ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់កម្ពុជា ។
ជាកិច្ចបន្ទាប់,ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និង ការពារជាតិ ។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាលើលទ្ធភាពក្នុងការនាំអង្ករ និង ផលិតផលកសិកម្មដទៃទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរី ផងដែរ ។
សម្តេចមហាបវរធិបតី បានសម្តែងនូវបំណងរបស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ, ជាពិសេស ពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ ។ លោក លី សៀនលុង បានឯកភាពក្នុងពិនិត្យលើលទ្ធភាពនៃការបន្តផ្តល់ការគាំទ្របច្ចេកទេស និង ការបណ្តុះបណ្តាលដល់កម្ពុជា ទាំងក្នុងវិស័យស៊ីវិល និង យោធា, ហើយ ឯកឧត្តម ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី មកធ្វើទស្សនកិច្ចនៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខ ៕
ដោយ : សិលា