បណ្តាប្រទេសលោកខាងលិច បានផ្តល់អាវុធមានតម្លៃរាប់សិបពាន់លានដុល្លារឱ្យទៅអ៊ុយក្រែនសម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ី។ ផ្ទុយទៅវិញ លោកខាងលិចបានព្យាយាមរារាំងរាល់ការប៉ុនប៉ងបញ្ចូនអាវុធទៅឱ្យរុស្ស៊ី ពិសេសគឺប្រទេសកូរ៉េខាងជើងដែលជាប់ព្រំដែនរុស្ស៊ី ហើយមានទំនាក់ទំនងល្អជាមួយរុស្ស៊ី។
សារព័ត៌មាន AFP នៅថ្ងៃពុធទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានព្រមានកូរ៉េខាងជើងពី «ផលវិបាក» ប្រសិនបើហ៊ានលក់អាវុធឱ្យរុស្ស៉ី សម្រាប់សង្រ្គាមឈ្លានពានរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបង្ហើបឱ្យដឹងថា ទីក្រុងព្យុងយ៉ាងកំពុងស្ថិតនៅក្នុងកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងអាវុធជាមួយទីក្រុងមូស្គូ។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថា សហរដ្ឋអាមេរិកជឿជាក់ថា កិច្ចចរចារវាងកូរ៉េខាងជើងនឹង
រុស្ស៉ី មានភាពជឿនលឿនទៅមុខយ៉ាងសកម្ម។ លោក Sullivan បានគូសបញ្ជាក់ដូច្នេះថា «ការផ្ដល់អាវុធឱ្យរុស្ស៉ីយកទៅប្រើប្រាស់នៅលើសមរភូមិដើម្បីវាយប្រហារលើឃ្លាំងស្ដុក ធញ្ញជាតិ និងហេដ្ឋារចនាសម្ព័ន្ធកម្ដៅនៅតាមទីក្រុងធំៗ ខណៈដែលយើងកំពុងឆ្ពោះទៅរករដូវរងា ព្រមទាំងដើម្បីដណ្ដើមយកទឹកដីដែលជាកម្មសិទ្ធិរបស់រដ្ឋអធិបតេយ្យមួយ មិនមែនជារឿងល្អសម្រាប់កូរ៉េខាងជើងនោះទេ ហើយពួកគេនឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសមពីសហគមន៍អន្តរជាតិចំពោះរឿងមួយនេះ (ប្រសិនបើហ៊ានលក់អាវុធឱ្យ
រុស្ស៉ី)»។
ការអត្ថាធិប្បាយរបស់លោក Jake Sullivan កើតមានឡើង បន្ទាប់ពីក្រុមមន្ត្រីអាមេរិកនៃរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ីដើម្បីជួបលោកពូទីន ក្នុងពេល ឆាប់ៗ ដោយមានកិច្ចព្រមព្រៀងអាវុធជារបៀបវារៈសំខាន់។ ប៉ុន្តែទាំងកូរ៉េខាងជើង
និងរុស្ស៉ី មិនទាន់ធ្វើអត្ថាធិប្បាយលម្អិតឆ្លើយតបទៅនឹងការលើកឡើងនេះទេ៕ ដោយធីរីណា
រូបថត: Reuters