ខ្លឹមសារនៃជំនួបជាមួយ លោកសាស្រ្តាចារ្យ ក្លូស ស្វប់ ស្ថាបនិក និង ជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី : នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ លោកសាស្រ្តាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និង ជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ។

នៅក្នុងជំនួបនេះ, លោកសាស្រ្តាចារ្យ បានអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា និង បានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ ជាកិច្ចឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរ និង ការសួរសុខទុក្ខនេះ, និង បានថ្លែងអំណរគុណផងដែរ ចំពោះដំណើរទស្សនកិច្ចរបស់ លោកសាស្រ្តាចារ្យ មកកម្ពុជា កាលពីឆ្នាំទៅ នាអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និង សក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ, ក៏ដូចជាការណ៍ដែលវេទិកាសេដ្ឋកិច្ចពិភពលោកចូលរួមលើកកម្ពស់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់គ្រប់បណ្តាប្រទេសទាំងអស់, ដោយរាប់ទាំងកម្ពុជា នៅក្នុងបរិការណ៍ ដ៏លំបាក និង មិនច្បាស់លាស់កន្លងមក ។

ជាកិច្ចឆ្លើយតប, លោកសាស្រ្តាចារ្យ បានបញ្ជាក់ថា ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីឆ្នាំទៅ, លោកសាស្រ្តាចារ្យ បានកត់សម្គាល់ និង វាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាប្រទេសដែលមានសក្តានុពល និង កំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ ។ ទន្ទឹមនេះ,
លោកសាស្រ្តាចារ្យ បានបង្ហាញពីបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជាផ្ទាល់ ។ សម្តេចធិបតី បានស្វាគមន៍ចំពោះបំណងដ៏ល្អនេះ និង បានលើកឡើងអំពីសង្គតិភាព និង លទ្ធភាពបន្ស៊ីគ្នាបានរវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាពិសេស ត្រង់ការអភិវឌ្ឍវិស័យឯកជន និង ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ និង វិស័យឯកជន ឱ្យកាន់តែមានភាពប្រសើរឡើង ។ ក្នុងស្មារតីនេះដែរ, រាជរដ្ឋាភិបាលនឹងរៀបចំវេទិកាសាធារណៈ រវាង រាជរដ្ឋាភិបាល និង វិស័យឯកជន ក្នុងខែវិច្ឆិកាខាងមុខ, ដែលសម្រាប់ករណីនេះ លោកសាស្រ្តាចារ្យ សង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោក នឹងដើរតួជាថ្នាលជំរុញឱ្យវិស័យឯកជនបំពេញតួនាទីរបស់ខ្លួនកាន់តែសកម្ម និង អាចរីកលូតលាស់ថែមទៀត ។

មុននឹងបញ្ចប់, លោកសាស្រ្តាចារ្យ បានគោរពអញ្ជើញ សម្តេចធិបតី ចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខនេះ ។ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញនេះ ហើយ សម្តេចធិបតី នឹងពិនិត្យលទ្ធភាពចូលរួម ដោយមានគណៈប្រតិភូ និង សមាគមធុរកិច្ចកម្ពុជាចូលរួមអមជាមួយផងដែរ ៕

...

ដោយ:  សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print