ខេត្តព្រះសីហនុ-កំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា កម្លាំងជំនាញ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិចិន-ខ្មែរចំនួន៤នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងរឹបអូសវត្ថុតាងសារធាតុញៀនជិត៥គីឡូក្រាម និងរុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម នៅ២គោលដៅផ្សេងគ្នា ។
ក្នុងប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនខាងលើនេះ ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៤និង១០ នាទី សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ, លោក និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពី លោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងបង្ក្រាបគោលដៅទី១ ចំណុចផ្លូវល្បឿនលឿន K27 +(+100) ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, គោលដៅទី២ ចំណុចផ្លូវ១១៥ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់(ស្រី០១) និងវត្ថុតាងមួយចំនួន។
ជនសង្ស័យទាំង៤នាក់រួមមាន ៖
១-ឈ្មោះ ក្វាង ស៊ូសៀន (KUANG ZUXIAN) ភេទស្រី ជនជាតិចិន ឆ្នាំកំណើត១៩៩៧។
២-ឈ្មោះ យ៉ៅ ស៊ីភីង (YAO XIPING) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩៥។
៣-ឈ្មោះ លីសឺ (LI XU) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩១។
៤-ឈ្មោះ សឿន សៅរ៍ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩០។
ចំណែកចាប់យកវត្ថុតាងរួមមាន៖ សរុបរួមសារធាតុញៀនទម្ងន់ ៤គីឡូ ៦.៩៧ក្រាម, រុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម, អាវុធខ្លីចំនួន ១ដើម។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី