ភ្នំពេញ ៖ ក្មេងទំនើងចំនួន៦ នាក់ ពាក់ពន្ធករណីដេញកាប់គ្នាបណ្តាលឲ្យរងរបួស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន២ បទល្មើស ។
ជនត្រូវចោទទាំង៦ នាក់នោះមាន ៖
១.ឈ្មោះ ថៃ វីរៈយុទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី១០អា១ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២.ឈ្មោះ ព្រំ ណាង ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យា ល័យវត្តភ្នំថ្នាក់ទី៨អា មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
៣.ឈ្មោះ ញ៉ូ មួនខេមរា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី១១ដេ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
៤.ឈ្មោះ បាក់ បញ្ញាពេជ្រ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុកថ្នាក់ទី១០ដេ១ មានទីលំនៅផ្ទះលេខ១២៨អឺ២ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
៥.ឈ្មោះ សាន់ សាកាន ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យទឹកល្អក់ថ្នាក់ទី៩អា២ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៦.ឈ្មោះ សុទ្ធ ពិទីន ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យា ល័យវត្តភ្នំថ្នាក់ទី៩បេ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមដីកាបង្គាប់ឲ្យឃុំខ្លួនទី១.របស់លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការពិនិត្យពីបទ.ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស “ទាត់ធាក់ និងយកដបស្រាបៀវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែករយៈហូរឈាមសន្លប់បាត់ស្មារតី” ប្រព្រឹត្តនៅចំណុចមុខក្លឹបកំសាន្តនឹក EX ផ្លូវលេខ៥៥ កែងផ្លូវលេខ២៤២ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបទល្មើសមានចែងតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។
និងដីកាបង្គាប់ឲ្យឃុំខ្លួនទី២.របស់លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទ.ធ្វើឲ្យខូចខាតមានស្ថានទម្ងន់ទោស “ព្រួតគ្នាយកកាំបិតបុ័ងតោ និងដាវសាម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យត្រូវកដៃរងរបួសជាទម្ងន់ និងកាប់លើម៉ូតូបណ្តាលឲ្យរងការខូចខាតចំនួន៣ គ្រឿង” ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ៤១០ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២១៨ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។
សូមជម្រាបថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នក នាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងក្មេងទំនើង៦ នាក់ប្រើកាំបិតបុ័ងតោដេញកាប់គ្នា កណ្តាលក្រុងភ្នំពេញ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ តាំងពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនក្មេងទំនើងចំនួន៧ នាក់ ពាក់ពន្ធករណីប្រើអំពើហឹង្សាដេញកាប់គ្នា ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលសំ ណុំរឿងនោះបានស្ថិតនៅលោក សេង ពុទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការបើកការស៊ើបសួរ ក្រោយពីស៊ើបសួរតំណាងអយ្យការបានសម្រេចធ្វើការដោះលែងម្នាក់ នៅសល់៦ នាក់បញ្ជូនទៅខាងចៅក្រម ដែលសំណុំរឿងនេះត្រូវបានបែងចែកទៅចៅក្រម២រូបបើកការស៊ើបសួរ និងបន្ទាប់ពីស៊ើបសួរចៅក្រមទាំងពីរ បាន សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
បើតាមសមត្តកិច្ចឲ្យដឹងថា នៅវេលាម៉ោង៤ រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ក្មេងទំនើងជាបន្តបន្ទាប់ចំនួន៧ នាក់ ពាក់ពន្ធករណីប្រព្រឹត្តបទល្មើស.ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស និងធ្វើឲ្យ ខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាប្រើកាំបិត ប៉័ងតោ និងដាវសាំម៉ូរៃ កាប់លើជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួស និងកាប់ម៉ូតូធ្វើឲ្យខូចខាតខ្ទេចខ្ទី) ។ ក្រោយពេលឃាត់ខ្លួនក្មេងទំនើងទាំង៧ នាក់នោះយកទៅសាកសួរ ពួកគេបានសារភាពថា ធ្លាប់ប្រព្រឹត្តអំពើហឹង្សាចំនួន៣ ករណីនៅរាជធានីភ្នំពេញ ។
ករណីទី១.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យ ខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកកាំបិតប៉័ងតោ និងដាវសាំម៉ូរៃ កាប់លើជនរងគ្រោះបណ្តាលឲ្យត្រូវកដៃរងរបួសជាទម្ងន់ និងកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាតចំនួន០៣គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ២៧ ផ្លូវលេខ៤១០ ក្រុម០៣ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០ យប់ ៕ ដោយ៖ រ៉ារ៉ា